Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ខែតុលា ឆ្នាំ​២០២០ ការពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​សរុប​មាន​ចំនួន ១៩៩​គ្រឿង ដែលមាន​ទឹកប្រាក់​ពិន័យ​ចំនួន ៤៨៦ ៨៤៩ ៥០០​រៀល​

​ភ្នំពេញ​៖​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បាន​ឲ្យ​ដឹងថា ការអនុវត្ត​ការងារ​ក្នុង​ខែតុលា ឆ្នាំ​២០២០ មាន​រថយន្ត​ត្រួតពិនិត្យ​សរុប​ចំនួន ១៣៩ ៥៧៦ គ្រឿង មាន​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៤០ ២១១ គ្រឿង ស្មើនឹង ២៨.៨១% ក្នុងនោះ ការពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​សរុប​មាន​ចំនួន ១៩៩​គ្រឿង ដែលមាន​ទឹកប្រាក់​ពិន័យ​ចំនួន ៤៨៦ ៨៤៩ ៥០០​រៀល​។​

​នៅ ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ បាន​ដឹកនាំ​ការប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​ខែតុលា ក្នុង​ឆ្នាំ​២០២០​។​

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម​អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក ប្រធាន សមាជិក សមាជិកា​លេខាធិការដ្ឋាន និង​ប្រធាន អនុប្រធាន​ស្ថានីយ​ជញ្ជីង​ទាំង ២៨​។

​តាម​របាយការណ៍​នៃ​ការអនុវត្ត​ការងារ​ក្នុង​ខែតុលា ឆ្នាំ​២០២០ មាន​រថយន្ត​ត្រួតពិនិត្យ​សរុប​ចំនួន ១៣៩ ៥៧៦ គ្រឿង មាន​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៤០ ២១១ គ្រឿង ស្មើនឹង ២៨.៨១% ដែល​ក្នុងនោះ​៖
– រថយន្ត​ផ្ទុក​លើស​ទម្ងន់​ក្រោម ៥% ចំនួន ៤០ ០១២​គ្រឿង ប្រហែល ២៨.៦៧%
– រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ៥% – ១០% ចំនួន ៧​គ្រឿង ប្រហែល ០.០១%
– រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ១០% – ២០% ចំនួន ១០៥​គ្រឿង ប្រហែល ០.០៨%
– រថយន្ត​ផ្ទុក​លើស​ទម្ងន់​លើសពី ២០% ចំនួន ៨៧​គ្រឿង ប្រហែល ០.០៦%
​ការពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​សរុប​មាន​ចំនួន ១៩៩​គ្រឿង ដែលមាន​ទឹកប្រាក់​ពិន័យ​ចំនួន ៤៨៦ ៨៤៩ ៥០០​រៀល​។ តាម​របាយការណ៍ ចំនួន​រថយន្ត​ដែល​ចាប់បាន​មានការ​ថយចុះ​ចំនួន ៣៦​គ្រឿង បើ​ប្រៀបធៀប​ទៅនឹង​តួលេខ​ខែកញ្ញា ឆ្នាំ​២០២០ ដែលមាន​ចំនួន ២៣៥​គ្រឿង​។​
​ឯកឧត្តម​ប្រធាន​អង្គ​ប្រជុំបាន​អនុញ្ញាតឱ្យ​ធ្វើការ​ផ្សព្វផ្សាយ​លើ​សេចក្តីជូនដំណឹង​លេខ ០៤៩ សជណ សក​.​គ​ត​លទ ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ ស្តីអំពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ដែល​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តទៅ​។

​ជាទី​បញ្ចប់ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ណែនាំ​ដល់​មន្ត្រី​តាម​ស្ថានីយ ឱ្យ​ពង្រឹង​ការអនុវត្ត​ការងារ​ឱ្យបាន​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​ការងារ និង​សហការ​ល្អជា​មួយ​ដៃគូ​ពាក់ព័ន្ធ​។​

​សូម​បងប្អូន​ម្ចាស់​អាជីវកម្ម ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ធន់​ធ្ងន់​ត្រូវអនុវត្ត និង​ពង្រឹង​ការអនុវត្ត​ដឹកជញ្ជូន​ឱ្យបាន​ត្រឹមត្រូវ តាម​បទ​ប្បញ្ញត្តិ​ដូច​ចែង​ក្នុង​មាត្រា​៦០ នៃ​ច្បាប់​ផ្លូវថ្នល់ និង​ក្នុងករណី​យានយន្ត​ដឹក​លើស​កម្រិត​កំណត់ ២០% ត្រូវធ្វើ​ការដក​បណ្ណ​បើកបរ និង​ព្យួរទុក​ចំនួន ២​ឆ្នាំ ឃាត់​យានយន្ត​ទុក​ចំនួន ១​ឆ្នាំ និង​បញ្ឈប់​អាជីវកម្ម​មួយឆ្នាំ​ប្រសិនបើ​នៅតែ​បន្ត​បទល្មើស​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×