Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកប្រាក់​ប្រមាណ ជាង ៤៨០​លាន​រៀល ទទួលបាន​ពី​ការផាកពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​ក្នុង​ខែតុលា​នេះ​

​ក្រោម​ការអនុវត្ត​ការងារ​ក្នុង​ខែតុលា ឆ្នាំ​២០២០ ក្រសួង​សាធារណការ និង​ដឹកជញ្ជូនបាន​ត្រួតពិនិត្យ​រថយន្ត​សរុប​ចំនួន ១៣៩.៥៧៦គ្រឿង មាន​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៤០.២១១គ្រឿង ស្មើនឹង ២៨.៨១%។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ខែតុលា ក្នុង​ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈ​
​ក​ម្មា​ធិ​ការដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​បាន​ឲ្យ​ដឹងថា រថយន្ត​ផ្ទុក​លើស​ទម្ងន់​ក្រោម ៥% មាន​ចំនួន ៤០ ០១២​គ្រឿង ប្រហែល ២៨.៦៧%, រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ៥% – ១០% មាន​ចំនួន ៧​គ្រឿង ប្រហែល ០.០១%, រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ១០% – ២០% មាន​ចំនួន ១០៥​គ្រឿង ប្រហែល ០.០៨%​និង រថយន្ត​ផ្ទុក​លើស​ទម្ងន់​លើសពី ២០% មាន​ចំនួន ៨៧​គ្រឿង ប្រហែល ០.០៦%​។

​លោក​ថា​ការពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​សរុប​មាន​ចំនួន ១៩៩​គ្រឿង ដែលមាន​ទឹកប្រាក់​ពិន័យ​ចំនួន ៤៨៦ ៨៤៩ ៥០០​រៀល​។

​តាម​របាយការណ៍ ចំនួន​រថយន្ត​ដែល​ចាប់បាន​មានការ​ថយចុះ​ចំនួន ៣៦​គ្រឿង បើ​ប្រៀបធៀប​ទៅនឹង​តួលេខ​ខែកញ្ញា ឆ្នាំ​២០២០ ដែលមាន​ចំនួន ២៣៥​គ្រឿង​។

​លោក​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​ក៏បាន​ផ្សព្វផ្សាយ​លើ​សេចក្តីជូនដំណឹង​លេខ ០៤៩ សជណ សក​.​គ​ត​លទ ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ ស្តីអំពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ដែល​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០តទៅ​។

សេង ឈួន ក៏បាន​ស្នើ​ម្ចាស់​អាជីវកម្ម ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ធន់​ធ្ងន់​ត្រូវអនុវត្ត និង​ពង្រឹង​ការអនុវត្ត​ដឹកជញ្ជូន​ឱ្យបាន​ត្រឹមត្រូវ តាម​បទ​ប្បញ្ញត្តិ​ដូច​ចែង​ក្នុង​មាត្រា​៦០ នៃ​ច្បាប់​ផ្លូវថ្នល់ និង​ក្នុងករណី​យានយន្ត​ដឹក​លើស​កម្រិត​កំណត់ ២០% ត្រូវធ្វើ​ការដក​បណ្ណ​បើកបរ និង​ព្យួរទុក​ចំនួន ២​ឆ្នាំ ឃាត់​យានយន្ត​ទុក​ចំនួន ១​ឆ្នាំ និង​បញ្ឈប់​អាជីវកម្ម​មួយឆ្នាំ​ប្រសិនបើ​នៅតែ​បន្ត​បទល្មើស​៕ ដោយ ៖ CEN

×