ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា យើង បានពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងនិងអនុស្សរណៈដែលបានចុះហត្ថលេខាក៏ដូចជាយន្តការនានាដែលបានឯកភាពគ្នាកន្លងមក ដែលក្នុងនោះរួមមានគណៈកម្មការសេដ្ឋកិច្ចចម្រុះ កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសកម្ពុជា-ហុងគ្រី។
នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម ភីធ័រ ហ្សីយាតូ បានអញ្ជើញសម្ពោធការិយាល័យនៃស្ថានទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយក៏ បានអញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគី។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាមានសេចក្តីសោមនស្ស និងកិត្តិយស បានស្វាគមន៍ដំណើទស្សនកិច្ចផ្លូវការលើកទី២ របស់ឯកឧត្តម ភីធ័រ ហ្សីយាតូ រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្ម ហុងគ្រី។ ឯកឧត្តមរដ្ឋមន្ត្រី ភីធ័រ ហ្សីយាតូ និងខ្ញុំ បានពិភាក្សាប្រកបដោយផ្លែផ្កា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទាំងពីរនាក់ពិតជាមានសេចក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលបន្តរីកចម្រើន ដោយផ្អែកលើមូលដ្ឋានគតិយុត្តិដ៏រឹងមាំ។ យើងខ្ញុំបានពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងនិងអនុស្សរណៈដែលបានចុះហត្ថលេខាក៏ដូចជាយន្តការនានាដែលបានឯកភាពគ្នាកន្លងមក ដែលក្នុងនោះរួមមានគណៈកម្មការសេដ្ឋកិច្ចចម្រុះ កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសកម្ពុជា-ហុងគ្រី និងឯកសារមួយចំនួនទៀត ដើម្បីជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យគ្រប់គ្រងទឹក កសិកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំ។ ប្រទេសយើងទាំងពីរតែងឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយយើងក៏តែងតែប្រកាន់យកជំហរក្នុងការពង្រឹងបន្ថែមនូវពហុភាគីនិយម ដោយគោរពអធិបតេយ្យរបស់រដ្ឋនីមួយៗ។
សន្និសីទសារព័ត៌មាន ទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ភីធ័រ ហ្ស៊ីយាគូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី នៅកម្ពុជា ភ្នំពេញ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០៖
១- ឯកឧត្តម ភីធ័រ ហ្សីយាតូ មិត្តជាទីស្រឡាញ់រាប់អាន ថ្ងៃនេះព្រះរាជាណាចក្រ កម្ពុជាមានសេចក្តីសោមនស្ស និងកិត្តិយស សូមស្វាគមន៍ដំណើរទស្សនកិច្ច ផ្លូវការលើកទី២ របស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា។
២- ដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាខណៈពេលនៃការរីករាលដាលនៃជំងឺ រាតត្បាត និងបញ្ហាប្រឈមយ៉ាងខ្លាំងខាងសេដ្ឋកិច្ច-សង្គម ពិតជាបាន ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ឯកឧត្តម ក្នុងការពង្រឹងបន្ថែមទៀតនូវ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរ។ ពិត ណាស់ កម្ពុជាក៏មានការប្តេជ្ញាចិត្តដូចគ្នានេះដែរ។
៣- ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅទីក្រុងប៊ុលដាប៉េស ចំនួន ២ ដង និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Janos Ader ប្រធានាធិបតីហុងគ្រី មកកាន់រាជធានីភ្នំពេញ កាលពីឆ្នាំមុន ការបើក ការិយាល័យតំណាងស្ថានទូតហុងគ្រីនៅភ្នំពេញ និងការ ចុះហត្ថលេខាលើ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ៣ លើវិស័យគ្រប់គ្រង ទឹក កសិកម្ម និងសេវាកម្មអាកាស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃនេះ គឺជាសក្ខីភាព ដែលបានកើតចេញពីការប្តេជ្ញាចិត្តរួមគ្នាខាងលើ។
៤- មិត្តខាងសារព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី ភីធ័រ ហ្សីយាតូ និងខ្ញុំ ទើបតែបញ្ចប់កិច្ច ពិភាក្សាប្រកបដោយផ្លែផ្កា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទាំងពីរនាក់ ពិតជាមានសេចក្តីសោមនស្សរីករាយ ចំពោះទំនាក់ទំនង មិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលបន្តរីកចម្រើន ដោយផ្អែកលើមូលដ្ឋាន គតិយុត្តិដ៏រឹងមាំ។ យើងខ្ញុំបានពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងនិង អនុស្សរណៈដែលបាន ចុះហត្ថលេខាក៏ដូចជាយន្តការនានាដែលបានឯកភាព គ្នាកន្លងមក ដែលក្នុងនោះរួមមានគណៈកម្មការសេដ្ឋកិច្ចចម្រុះ កិច្ចពិគ្រោះ យោបល់ទ្វេភាគីរវាងក្រសួងការបរទេសកម្ពុជា-ហុងគ្រី និងឯកសារមួយចំនួនទៀត ដើម្បីជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យ គ្រប់គ្រងទឹក កសិកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំ។ ប្រទេសយើងទាំងពីរតែងឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដែលមានចែង ក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយយើងក៏តែងតែប្រកាន់យក ជំហរក្នុងការពង្រឹងបន្ថែមនូវពហុភាគីនិយម ដោយគោរពអធិបតេយ្យរបស់រដ្ឋ នីមួយៗ។
៥- ហុងគ្រីគឺជាមិត្តដ៏ជិតស្និទ្ធមួយរបស់កម្ពុជា។ ហុងគ្រីបានផ្តល់នូវជំនួយ និងការគាំទ្រមកដល់កម្ពុជា នៅពេលដែលប្រទេសយើងកំពុងត្រូវការជំនួយជាចាំបាច់ បន្ទាប់ពីងើបផុតពីភ្លើងសង្គ្រាមនៃរបបខ្មែរក្រហម។ ទ័ពមួកខៀវហុងគ្រីបាន បញ្ជូនមកកម្ពុជាក្រោមឆត្ររបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។ ជំហររបស់ហុងគ្រីលើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាឧទាហរណ៍មួយទៀត ដែលសរបញ្ជាក់អំពីមិត្តដែលយល់ពីស្ថាន ភាពរបស់កម្ពុជា ហើយក្លាហានក្នុងការគាំទ្រកម្ពុជាឱ្យទទួលបានយុត្តិធម៌ ដើម្បីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព ។ ចំពោះការខិតខំប្រឹងប្រែងទាំងអស់នេះ ខ្ញុំសូម អរគុណឯកឧត្តមរដ្ឋមន្ត្រី និងប្រទេសហុងគ្រី ។
៦- ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមមានកម្មវិធីយ៉ាងច្រើននៅថ្ងៃនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងទទួលឯកឧត្តម នារសៀលនេះ។ ឯកឧត្តម ក៏នឹងជួបជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម វេង សាខុន រដ្ឋ មន្ត្រី ក្រសួងកសិកម្ម ឯកឧត្តម សួស យ៉ារ៉ា សមាជិកសភា ហើយឯកឧត្តម ក៏ នឹងបន្តសម្ពោធការិយាល័យស្ថានទូតហុងគ្រីនៅភ្នំពេញផងដែរ។
៧- ភាគីទាំងពីរកំពុងត្រៀមរៀបចំព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាក្សត្រ នៅប្រទេសហុងគ្រីនាឆមាសទី២ នៃឆ្នាំ ២០២១ ឬនៅឆមាស ទី១ នៃឆ្នាំ២០២២ ដែលព្រះរាជដំណើរនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរបស់យើងនៅឆ្នាំក្រោយ៕ដោយ៖បញ្ញាស័ក្តិ