ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថា លោក ភីធើ ស៊ីចាតូ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី មានវិជ្ជមានមេរោគកូវីដ១៩ ដែលត្រូវបានរកឃើញនៅប្រទេសថៃ។ នៅពេលនេះថ្នាក់ដឹកនាំនិងមន្ត្រីកម្ពុជា ដែលទាក់ទងផ្ទាល់ជាមួយប្រមុខការទូតហុងគ្រី ដែលឆ្លងកូវីដ១៩នោះ ត្រូវបានធ្វើចត្តាឡីស័កទាំងអស់គ្នា។
បើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាននារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា
លោក ភីធើ ស៊ីចាតូ ត្រូវបានធ្វើតេស្តឃើញមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ បន្ទាប់ចាកចេញពីប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបំពេញទស្សនកិច្ចបន្តនៅទីក្រុងបាងកក។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលម៉ិញនេះ លោក ភីធើ ស៊ីចាតូ (Péter Szijárt6) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែលលោករដ្ឋមន្ត្រី និងប្រតិភូ អញ្ជើញដល់ទីក្រុងបាងកកនៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះបានបញ្ជាក់ថា លោករដ្ឋមន្ត្រី មានលទ្ធផលវិជ្ជមាន។
ក្រសួងការបរទេស បានបញ្ជាក់ថា សមាជិកគណៈប្រតិភូហុងគ្រីទាំងអស់ ដែលមកដល់ប្រទេសកម្ពុជា បានធ្វើតេស្តរកមេរោគកូវីដ១៩ និងមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា «គ្មានវីរុសកូវីដ-១៩» មុនពេលចេញដំណើរមកកម្ពុជា។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូនៅក្នុងពេលទស្សនកិច្ចធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួងសុខាភិបាល។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស៕ដោយ៖បញ្ញាស័ក្តិ