ភ្នំពេញ៖លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងភរិយា ព្រមទាំងក្រុមអង្គរក្ស-ក្រុមអ្នកបើកបរចំនួន១៨នាក់ បញ្ជាក់ថាអវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩នោះទេហើយសម្តេចថ្លែងថា ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅក៏មិនអាចជួបបានដែរ។ នេះតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម Facebook នាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន រៀបរាប់នៅលើបណ្តាញសង្គម Facebook ផ្លូវការមានខ្លឹមសារយ៉ាងដូច្នេះថា៖ គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រី
ក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី៣វិច្ឆិកា២០២០ ម្សិលមិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។
ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយាក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា
អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩នោះទេ។
ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅក៏មិនអាចជួបបានដែរ។
ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រនិងហ្លួងម៉ែដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាបាន។
សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្គ្រោះបានដែលខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។
សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ១៦វិច្ឆិកា២០២០ទៅពេលក្រោយវិញ។
សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាននិងដៃគូពាក់ព័ន្ធទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបានដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ដល់ថ្ងៃ១៥វិច្ឆិកា២០២០ខាងមុខនេះ។
ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃតែខ្ញុំនៅតែបំពេញការងារ
ដោយពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។ សមាជិករាជរដ្ឋាភិបាលអភិបាលខេត្តនិងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៅតែអាចរាយការណ៍ឬសុំយោបល់ខ្ញុំបានដដែល។ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។
នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាពនិងសុខភាពទាំងអស់គ្នា។
ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ។
ចំណែកលោកវីល្លាម ប្រធានគណបក្សខ្មែរក្រោក បានឲ្យដឹងថា ខ្ញុំពិតភ្ញាក់ផ្អើលខ្លាំងណាស់ចំពោះដំណឹងដែលប្រកាសថា រដ្ឋមន្ត្រីការបរទេស ហុង គ្រី លោក ភីធើ ស៊ីចាតូ ត្រូវបានតេស្តរកឃើញមេរោគ Covid19 នៅក្រុងបាងកក ក្រោយលោកបានជួបបំពេញទស្សនកិច្ចជាមួយប្រមុខថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ឥស្សរជនមួយចំនួនកម្ពុជា ហើយបន្តទៅទស្សនកិច្ចនៅប្រទេសថៃ ។
ទោះយ៉ាងណាក៏ដោយយើងពុំដឹងថាតើការពិនិត្យរបស់ថៃប្រាកដភាពកម្រិតណាទេ ព្រោះប្រមុខការទូតនិងមន្ត្រីរបស់ ហុងគ្រី ទាំងសុទ្ធតែគ្មានមេរោគនេះទេ មុនចេញមកកម្ពុជា ។
ដោយការព្រួយបារម្ភខ្ញុំសូមជូនពរប្រមុខថ្នាក់ដឹកនាំកម្ពុជា ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ សូមទទួលបាននូវសុខភាពល្អគ្រប់ៗគ្នា និងចៀសផុតពីជំងឺតម្កាត់ទាំងឡាយ !
សូមពលរដ្ឋទាំងអស់កុំភ្លេចខ្លួនពីជំងឺ Covid 19 !៕ ដោយ៖បញ្ញាស័ក្តិ