ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលមន្ត្រីនៃគណបក្សប្រជាជនកម្ពុជាត្រូវបានរៀបចំឡើងដោយក្រសួងទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលត្រូវបានរៀបចំឡើងតាមប្រព័ន្ធVideo Conferenceនាថ្ងៃទី៤ ខែវិច្ឆិកា។ ឯកឧត្តម Wang Yajun អនុរដ្ឋមន្ត្រីនៃក្រសួងទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិន ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកជំទាវ មាន សំអាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីនិងព្រមទាំងថ្លែងសុន្ទរកថាក្នុងពិធីខាងលើ។
ឯកឧត្តម Wang Yajun មានប្រសាសន៍ថា ប្រទេសចិននិងកម្ពុជា គឺជាប្រទេសជិតខាងល្អ មិត្តល្អ និងដៃគូយុទ្ធសាស្ត្រអនុវត្តសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។ ក្រោយពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ភាគីទាំងពីរបានជួយយកអាសាគ្នាទៅវិញទៅមក រួមសុខរួមទុក្ខលើក្បូនតែមួយ ជំរុញនិងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះ រួមគ្នារក្សាការពារយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិ។ ភាគីចិនរីករាយពង្រឹងកិច្ចទំនាក់ទំនងជាមួយភាគីកម្ពុជា ជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា ផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរជូនដល់ប្រទេសទាំងពីរនិងប្រជាជនទាំងពីរ រួមចំណែករឹតតែធំធេងក្នុងការជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងនៅលើពិភពលោក។
ឯកឧត្តម Wang Wentian បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអ៊ីនធើណេតលើកនេះ ជាការអនុវត្តយ៉ាងរស់រវើកដើម្បីអនុវត្តកុងសុងស៊ីសសំខាន់ៗរបស់ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ ពង្រឹងកិច្ចទំនាក់ទំនងយុទ្ធសាស្ត្ររវាងគណបក្សទាំងពីរដោយស្ថិតក្រោមស្ថានភាពនៃជំងឺវីរុស និងធ្វើឲ្យកាន់តែស៊ីជម្រៅនៃការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ច នឹងលើកកម្ពស់កាន់តែប្រសើរឡើងនូវសមត្ថភាពនិងកម្រិតអភិបាលកិច្ចរបស់គណបក្សទាំងពីរដោយក្រោមស្ថានភាពថ្មី ជួយសម្របសម្រួលក្នុងការជំរុញកិច្ចការពារនឹងជំងឺវីរុសនិងផ្តល់បទពិសោធន៍ដែលមានអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ស្ថានទូតចិនប្រចាំកម្ពុជានឹងបន្តចូលរួមជំរុញរៀបចំកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងគណបក្សទាំងពីរកាន់តែសម្បូរបែប ជំរុញទំនាក់ទំនងគណបក្សទាំងពីរនិងប្រទេសសទាំងពីរអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។
លោកជំទាវ មាន សំអាន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗរបស់ប្រទេសចិនក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសនិងដំណើរការសាជាថ្មីនៃផលិតកម្ម។ លោកជំទាវបានអបអរសាទរចំពោះការបើកកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩បានយ៉ាងជោគជ័យ និងបានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃជូនដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសនិងការស្តារអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ លោកជំទាវមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជារីករាយបន្តដំណើរជាមួយគណបក្សកុម្មុយនិស្តចិន ដើម្បីជំរុញការអភិវឌ្ឍស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការមិត្តភាពគ្រប់វិស័យរវាងកម្ពុជានិងចិនក្នុង“យុគសម័យក្រោយជំងឺវីរុសកូវីដ-១៩”នេះ។
លោក Wu Chuanbing ទីប្រឹក្សានៃស្ថានទូតចិនបានអញ្ជើញចូលរួមក្នុងពិធីខាងលើនៅសាលប្រជុំនៃគណបក្សប្រជាជនកម្ពុជា៕
ដោយ៖បញ្ញាស័ក្តិ