តាកែវ៖ ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅក្នុងផ្សារណាត់ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ បានសម្តែងការសាទរក្រោយមានអ្នកវិនិយោគគ្រោងសាងសង់ផ្សារនេះឡើងវិញ នៅដើមខែធ្នូ ឆ្នាំ២០២០ ជាផ្សារទំនើបខ្នាតតូច មុនគេបង្អស់នៅក្នុងទឹកដីនៃខេត្តតាកែវ មានទំហំ ១៥ម៉ែត្រ គុណ ៨០,១៥ម៉ែត្រ កម្ពស់៣ជាន់ទាំងជាន់ផ្ទាល់ដី ដែលជាផ្សារបន្សល់ទុកពីយូរណាស់មកហើយ កំពុងមានស្ថានភាពទ្រុឌទ្រោម ។
ក្នុងពេលរួមដំណើរជាមួយលោក ជា គឹមតុង អនុប្រធាននាយកដ្ឋានចំណូលពីទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយលោក ឈូ សុធា អភិបាលរងខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធលើការចុះពិនិត្យស្ថានភាពផ្សារណាត់ និងវាយតម្លៃនាពេលនោះលោក កង អាណាន់ អភិបាលក្រុងដូនកែវ បានប្រាប់ភ្នាក់ងារព័ត៌មានយើងឲ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដោយមើលឃើញពីស្ថានភាពផ្សារណាត់ ជាផ្សារមួយដែលសម្បូរទៅដោយមនុស្សចេញចូលលក់ដូរ និងទិញមុខទំនិញ និងមុខម្ហូបអាហារ មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយផ្សារនៅមិនទាន់មានសណ្តាប់ធ្នាប់ល្អអ្នកលក់ លក់ដូរនៅលើដងផ្លូវ និងមានសភាពចាស់ហើយទ្រុឌទ្រោមទៀត លោកបានបន្តស្វែងរកដៃគូរវិនិយោគផ្សារនេះជាមួយរដ្ឋ ដើម្បីធ្វើការសាងសង់ផ្សារណាត់នេះ ជាផ្សារទំនើបខ្នាតតូចមួយមុនគេបង្អស់នៅក្នុងទឹកដីនៃក្រុងដូនកែវ ដើម្បីសម្រួលដល់ការលក់ដូររបស់ពួកគាត់ឲ្យមានសណ្តាប់ធ្នាប់និងអនាម័យផងដែរ ។
បន្ទាប់ពីធ្វើការពិនិត្យស្ថានភាពផ្សារនេះលោក ជា គឹមតុង អនុប្រធាននាយកដ្ឋានចំណូលពីទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ផ្សារនេះមើលពីខាងក្រៅដូចមានសភាពរឹងមាំ តែនៅពេលចូលមកដល់ខាងក្នុងផ្សារ គឺមានសភាពចាស់និងទ្រុឌទ្រោមទៅតាមកន្លែង និងមិនទាន់មានសណ្តាប់ធ្នាប់ល្អ ទន្ទឹមនឹងនោះដែរ លោកក៏បានសួរនាំទៅអាជ្ញាធរក្រុងដូនកែវ អំពីបញ្ហាប្រឈមជាមួយនឹងអាជីវករថា តើអាចនិងមានផលប៉ះពាល់អ្វីខ្លះដែរឬទេ ហើយមានការឯកភាពពីពួកគាត់យ៉ាងដែរ? ជាការឆ្លើយតបលោកអភិបាលក្រុងដូនកែវ ចំពោះបញ្ហានេះលោកបានធ្វើការកោះប្រជុំជាមួយបងប្អូនអាជីវកររួចមកហើយ ដើម្បីធ្វើការប្រមូលមតិ និងដោះស្រាយបញ្ហាប្រឈមនានា និងបានឈានដល់ការឯកភាពព្រមព្រៀងផ្តិតមេដៃ ជាសម្គាល់ជាង១០០នាក់ ដែលជាម្ចាស់តូបដែលមាននៅក្នុងផ្សារណាត់ នាពេលបច្ចុប្បន្ន ឲ្យសាងសង់ផ្សារណាត់នេះឡើងវិញ ។
លោក ឡោ ជំនិត អ្នកវិនិយោគសាងសង់ផ្សារណាត់ថ្មីនេះ បានឲ្យដឹងថា ផ្សារណាត់ចាប់ផ្តើមសាងសង់ថ្មីឡើងវិញនៅដើមខែធ្នូ ឆ្នាំ២០២០ខាងមុខនេះហើយ ដែលរយៈពេលនៃគម្រោងសាងសង់ផ្សារនេះ គឺមានរយៈពេល ១៥ខែ ហើយក្នុងពេលនេះ លោកក៏បានរកទីតាំងសមរម្យមួយ ដែលត្រូវជម្លៀសបងប្អូនជាអាជីវករ មកលក់ដូរជាបណ្តោះអាសន្នសម្រាប់ពួកគាត់លក់ដូរ ក្នុងអំឡុងពេលដែលផ្សារកំពុងសាងសង់រួចរាល់ហើយដែរ ៕ដោយ៖ តាកែវ