Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិប្បកម្ម​កែច្នៃ​ឈើ​កំពុងតែ​រីក​កាន់តែ​ធំ ក្រោយពី​គណៈកម្មការ បង្ក្រាប​ទប់ស្កាត់​បទល្មើស ធនធានធម្មជាតិ​ថ្នាក់ជាតិ​លែងមាន​សកម្មភាព​

​ស្ទឹងត្រែង ៖ សិប្បកម្ម​កែច្នៃ​ឈើ​កំពុងតែ​រីក​កាន់តែ​ធំ តាំងពី​ក្រុង​រហូតដល់​បណ្ដា​ស្រុក​ក្រុង​ទាំង ៥ ក្នុង​ខេត្តស្ទឹងត្រែង​។ រីឯ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចូលទៅ​កែច្នៃ​តាម​សិប្បកម្ម​នានា ក៏​កាន់តែ​កើតមានឡើង​អនាធិបតេយ្យ​ទាំងយប់​ទាំង​ថ្ងៃ ក្រោយពី​គណៈកម្មការ​បង្ក្រាប​ទប់​ស្កាត់​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់ជាតិ​លែងមាន​សកម្មភាព​។​
សិប្បកម្ម​ទាំង​ធំ​ទាំង​តូច​ត្រូវបាន​គេ​បង្ហើប​ថា មាន​រហូតដល់​ទៅ​រាប់សិប​កន្លែង​ឯណោះ​។ ចំពោះ​ការប្រមូលទិញ​ឈើ​វិញ សុទ្ធតែ​ប្រភព​ខុសច្បាប់​ដឹក​តាម​ម៉ូតូ​រ៉ឺម៉ក​និង​រថយន្ត​។​
តាម​ប្រភពព័ត៌មាន​ដែល​បាន​ពី​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា សិប្បកម្ម​នៅក្នុង​ក្រុង​ស្ទឹងត្រែង គឺជា​ប្រភព​សម្រាប់​ស្តុក​កែច្នៃ​ឈើ ដើម្បី​នាំចេញ​ទៅ​ក្រៅ​ខេត្ត​និង​ប្រទេស​វៀតណាម​។​
ស្ត្រី​ខ្មែរ​វៀតណាម​ម្នាក់​ឈ្មោះ​យាយ​បូ​ង ដែលមាន​សិប្បកម្ម​ធំ​មួយកន្លែង​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​អះអាងថា សិប្បកម្ម​កែច្នៃ​ឈើ​របស់គាត់​មានការ​អនុញ្ញាត ពី​ស្ថាប័ន​ពាក់ព័ន្ធ​រយៈពេល​២០ ឆ្នាំ​មកហើយ​។​
តាម​ការអះអាង​ទៀតថា បើសិនជា​ផុត​សុពលភាព​ច្បាប់​អនុញ្ញាត គាត់​នឹង​ស្នើសុំ​ជា​បន្តទៀត​។ ឈើ​ដែល​គាត់​តម្រូវការ​សម្រាប់​កែច្នៃ​ភាគច្រើន ទិញ​ពី​ដេប៉ូ​ឈើ គឺជា​ឈើ​ប្រភេទ​លេខ ២ មិនមែនជា​ឈើ​ប្រណីត​នោះទេ​។ ដំណើរការ​សិប្បកម្ម​សព្វថ្ងៃនេះ សុទ្ធតែ​កម្មករ​ជនជាតិខ្មែរ ដែលមាន​ប្រមាណ​ជា ១០ នាក់​ប៉ុណ្ណោះ​។​
ស្ត្រី​ខាងលើ​បាន​អះអាង​ទៀតថា គាត់​មិនបាន​ប្រមូល​ទិញ​ឈើ​ប្រណីត​ឡើយ​។ តែ​ប្រភព​ផ្សេង​បាន​ឲ្យ​ដឹងថា សិប្បកម្ម​ទាំងអស់​ក្នុងស្រុក​ទាំង​ក្នុងស្រុក និង​សុទ្ធតែជា​កន្លែង​ស្តុក​កែច្នៃ​ឈើប្រណិត​គ្រឿង​សង្ហា​រឹម រួច​ដឹក​ចេញ​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ទំនើបៗ​។​

​លោក​អន ចាន់​សុជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២០​ថា សម្រាប់​ទីតាំង​សិប្បកម្ម នៅក្នុង​ខេត្ត​ទាំងមូល​មានច្បាប់​អនុញ្ញាត​ត្រឹម ១០ កន្លែង​។​
លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​និយាយ​បន្ថែម​នៅ​រសៀល​ថ្ងៃ​ដដែល​ទៀតថា រាល់​សិប្បកម្ម​ដែល​ស្របច្បាប់​មានការ​អនុញ្ញាត​ត្រឹម​ថ្នាក់​ខេត្ត លុះត្រា​តែមាន​ប្រភព​ឈើ​ច្បាស់លាស់ ក្នុង​ការកែច្នៃ​ត្រឹមត្រូវ​។​
យោងតាម​ច្បាប់​ស្តីពី​ព្រៃឈើ បាន​បញ្ជាក់ថា ច្បាប់​អនុញ្ញាត​បើក​អាជីវកម្ម​កែច្នៃ​ឈើ​បាន លុះត្រាតែ​ម្ចាស់​អាជីវកម្ម​មាន​ប្រភព​ច្បាស់លាស់ ប្រមូល​ពី​ព្រៃ​សម្បទាន និង​ដី​សង្គមកិច្ច ក្នុងការ​ដឹកជញ្ជូន​ឈើ​យកមក​កែច្នៃ ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​។ ខុសពី​នេះ ការដឹកជញ្ជូន​ឈើ​នៅ​ខេត្តស្ទឹងត្រែង បែរជា​អនាធិបតេយ្យ​ទៅវិញ​។​
ពលរដ្ឋ​ចាត់ទុកថា ការអនុញ្ញាត​ឲ្យ​មាន​សិប្បកម្ម​ជាច្រើន​កន្លែង ធ្វើ​សកម្មភាព​ទាំងយប់​ទាំង​ថ្ងៃ គឺជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​៕​ដោយ​៖​សុខុម​

×