ភ្នំពេញ៖ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ដោយមានការចូលរួមពី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួង ស្ថាប័ននានា អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបាល រាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ក្រសួងស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបទៀត សរុបប្រមាណ២៥៤នាក់។
សូមជម្រាបជូនដែរថា ឯកសារទស្សនទាននេះ គឺជាឯកសារសម្រាប់តម្រង់ទិសដល់ការរៀបចំតាក់តែងកម្មវិធីជាតិដំណាក់កាលទី២។ ឯកសារទស្សនទាននេះ ត្រូវបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់ យ៉ាងទូលំទូលាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ព្រមទាំងបានឆ្លងកិច្ចប្រជុំរបស់ គ.ជ.អ.ប មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឯកសារទស្សនទាននេះ ក៏បានបង្ហាញផងដែរ អំពីចក្ខុវិស័យ គោលបំណង គោលដៅយុទ្ធសាស្ដ្រ នៃការរៀបចំកម្មវិធីជាតិ សមាសភាគសំខាន់ៗនៃកម្មវិធីជាតិដែលរួមមាន កិច្ចការជាអាទិភាពនានា ព្រមទាំងបែបផែននៃការគ្រប់គ្រង និងការអនុវត្តកម្មវិធីដំណាក់កាលទី២ផងដែរ។
សូមបញ្ជាក់ជូនផងដែរថា រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏មានសារសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានោះផងដែរដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាល បាននឹងកំពុងធ្វើទំនើបកម្មយ៉ាងទូលំទូលាយ និងស៊ីជម្រៅនូវប្រព័ន្ធ អភិបាលកិច្ចតាមរយៈកម្មវិធីកំណែទម្រង់នានា រួមមាន កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់តាមវិស័យនានាផងដែរ៕
ដោយ៖បញ្ញាស័ក្តិ