ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹងដល់សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន ក្នុងកម្មវត្ថុ ស្តីពីការផ្តល់ផែនការក្របខ័ណ្ឌជូនគ្រប់ក្រសួង ស្ថាប័ន ចំនួន២២ សម្រាប់ឆ្នាំ២០២១ ។ ការចេញសេចក្តីជូនដំណឹងនេះ យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បើតាមសេចក្តីជូនដំណឹង លោក ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានកំណត់ចំនួន ផែនការក្របខ័ណ្ឌសម្រាប់ឆ្នាំ២០២១ ដោយត្រូវអនុវត្តដូចខាងក្រោម ៖
ក. ផែនការក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីជាប់កិច្ចសន្យាប្រភេទផ្សេងទៀត
១. ចំពោះការជ្រើសរើសក្របខ័ណ្ឌថ្មីឆ្នាំ២០២១ គ្រប់ក្រសួង ស្ថាប័ន ត្រូវអនុវត្តផ្អែកត្រឹមចំនួនផែនការ ក្នុងឆ្នាំ២០២០ ដែលបានផ្លាកកន្លងមកតែប៉ុណ្ណោះ លើកលែងក្រសួង ស្ថាប័នចំនួន ០៣ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងរាជបណ្ឌិតសភាកម្ពុជានៃ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានអនុវត្តការជ្រើសរើសរួចហើយ មិនអាចជ្រើសរើសក្របខ័ណ្ឌថ្មីបន្ថែមក្នុងឆ្នាំ ២០២១ ឡើយ។ ដោយឡែក ក្រសួង ស្ថាប័ន ដែលបានធ្វើការជ្រើសរើសមន្ត្រីក្របខណ្ឌមួយចំនួនរួចហើយ ក្នុងឆ្នាំ២០២០ អាចធ្វើការជ្រើសរើសចំនួនក្របខណ្ឌដែលនៅសល់តែប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២១។
២. ការប្រឡងជ្រើសរើសនិងការអនុវត្តកម្មសិក្សា អាចចាប់ផ្តើមពី ខែមករា ឆ្នាំ២០២១ តទៅ ដោយត្រូវ អនុវត្តខ្ជាប់ខ្ជូនតាមការណែនាំវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូដ ១៩។ ក្រសួង ស្ថាប័ន ត្រូវជូនដំណឹងអំពីការប្រឡងជ្រើសរើស អនុលោមតាមនីតិវិធីជាធរមាន និងខ្លឹមសារនៃ លិខិតលេខ១៩២៧ មស.ក្រខ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងមុខងារសាធារណៈ។
៣. ចំពោះមន្ត្រីជាប់កិច្ចសន្យា ឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រជាប់កិច្ចសន្យា គ្រូបង្រៀនពុទ្ធិកជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា គ្រូបង្រៀនពីរថ្នាក់ពីរពេល និងថ្នាក់គួបគ្រប់កម្រិត គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំ ក្រៅប្រព័ន្ធ និងគ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ -ឥស្លាម ដែលត្រូវផ្តល់ជូនក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២១ គឺត្រូវអនុវត្តតាមចំនួនដែលបានផ្តល់ជូនក្នុងឆ្នាំ២០២០។
ក្រសួងមុខងារសាធារណៈ សូមគោរពជូនភ្ជាប់នូវតារាងឧបសម្ព័ន្ធស្តីពីការផ្តល់ក្របខ័ណ្ឌជូនក្រសួង ស្ថាប័ន ចំនួន ០១ច្បាប់។ ដោយឡែកសម្រាប់តារាងឧបសម្ព័ន្ធស្ដីពីការបែងចែកមន្ត្រីជាប់កិច្ចសន្យា ឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រ ជាប់កិច្ចសន្យា គ្រូបង្រៀនពុទ្ធិកជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា គ្រូបង្រៀនពីរថ្នាក់ពីរពេល និងថ្នាក់គួបត្រប់កម្រិត គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ និងគ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាម ក្រសួងមុខងារសាធារណៈ នឹងផ្តល់ ជូននៅពេលក្រោយ បន្ទាប់ពីការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ក្រសួងមុខងារសាធារណៈ សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន មេត្តាជ្រាបថា នៅពេលបើកឱ្យមានការប្រឡងប្រជែងសូមមេត្តារៀបចំជ្រើសរើសបេក្ខជនដែល មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឱ្យចូលបម្រើការងារ ដើម្បីបំពេញមុខតំណែងដែលទំនេរ និងសេចក្តីត្រូវការដែលមានពិត ប្រាកដនៅតាមអង្គភាពថ្នាក់ជាតិ មន្ទីរ និងអង្គភាពជំនាញនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងយកចិត្តទុកដាក់ដល់ បេក្ខភាពជាជនពិការដែលមានសមត្ថភាពសមស្រប ២% នៃចំនួនក្របខ័ណ្ឌសរុបរបស់សាមីក្រសួង ស្ថាប័ន ហើយគួរមាន បេក្ខនារីជាប់ជាស្ថាពរពី ២០% ទៅ ៥០% នៃចំនួនក្របខ័ណ្ឌដែលទទួលបានប្រចាំឆ្នាំ។
ទន្ទឹមនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន មេត្តារៀបចំស្នើសុំមន្ត្រីតំណាងក្រសួងមុខងារសាធារណៈ ចូលរួមក្នុងដំណើរការប្រឡងឱ្យបានមុនពេលរៀបចំបង្កើត គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសប្រចាំឆ្នាំ ដើម្បីក្រសួងមុខងារសាធារណៈ មានលទ្ធភាពចូលរួមសហការ ចាប់តាំងពីដំណាក់កាលដំបូង៕ដោយ៖បញ្ញាស័ក្តិ