សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចគ្រងគ្រឿងឥស្សរិយយសមេដាយចំណងមិត្តភាពនៃប្រទេសចិន (Order of Friendship of the People’s Republic of China) ថ្វាយដោយឯកឧត្តម ស៊ី ជីនពីង 习近平 ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។
សូមក្រាបថ្វាយបង្គំ ថ្វាយព្រះពរមហារសព្ទសាធុការ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជឱកាស ដែលស្តេចបានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត ពីសាធារណរដ្ឋប្រជាមានិតចិន។
ព្រះមហាកិត្តិយសដ៏វិសេសវិសាលដែលសម្តេចព្រះមហាក្សត្រីទទួលបានក្នុងពេលនេះ គឺជាការតបស្នងចំពោះព្រះរាជសកម្មភាពដ៏ថ្លៃថ្លារបស់ទ្រង់ដង្ហែព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងបុព្វហេតុកសាងទំនាក់ទំនងជិតស្និតរវាងប្រទេសយើងទាំងពីរ ក៏ដូចជាបណ្តាប្រទេសជាមិត្តភក្តិរបស់កម្ពុជាទាំងឡាយ។
ប្រជានុរាស្ត្រកម្ពុជាទូទាំងព្រះរាជាណាចក្រ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយនូវព្រះសព្ទសាធុការពរ និងអបអរសាទរក្នុងមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដែល ព្រះអង្គ ត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាព កម្ពុជា-ចិន៕ដោយ៖បញ្ញាស័ក្តិ