Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម Xi JinPing បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​មិត្តភាព​ដ៏​ជ្រាលជ្រៅ​បំផុត​ជាមួយ ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ​

​ប៉េកាំង ៖ នា​វេលា​រសៀល​ថ្ងៃទី​៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូងព្រះបាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​យាង​ទទួល​ជួប​ព្រះរាជសវនាការ​ជាមួយ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោកជំទាវ Peng Liyuan នា​វិមាន​មហា​​ប្រជាជន​ចិន រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយមាន​ការយាង និង​ដង្ហែ​ព្រះរាជសវនាការ​ដោយ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ​ក្រសួងព្រះបរមរាជវាំង និង​ថ្នាក់ដឹកនាំ​កំពូលៗ​ចិន​ជាច្រើនរូប​ផងដែរ។

​ឯកឧត្តម Xi JinPing បាន​សង្កត់ធ្ងន់ថា​យើងខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​មិត្តភាព​ដ៏​ជ្រាលជ្រៅ​បំផុត​ជាមួយ ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ និង​សូម​អរគុណ​ចំពោះ​ការផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ និង​ការបរិច្ចាគ​ដ៏​សប្បុរស​បន្ទាប់ពី​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ក្នុងប្រទេស​ចិន ពី​សំណាក់​ព្រះអង្គ​ទាំង​ទ្វេ ។ ឯកឧត្តម​បាន​បន្តថា កាលពីពេល​ថ្មីៗ​នេះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​ទៅ​ទីក្រុង Yanan ក្នុង​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ ទៅកាន់​ខេត្ត​សាន​សុ​ី ជាទី​កន្លែង​ដែល ព្រះវររាជបិតា​មាតា​របស់​ទ្រង់ គឺ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេចព្រះ​មហាក្សត្រី ធ្លាប់បាន​យាង​ទៅ​កាលពី ៥០ ឆ្នាំមុន​។ ឯកឧត្តម​ប្រធានាធិបតី បាន​បញ្ជាក់ថា សម្តេចព្រះ​មហាក្សត្រី ព្រះអង្គ​បាន​ចូលរួមចំណែក​យ៉ាង​ពិសេស និង​ដ៏​សំខាន់បំផុត ក្នុងការ​លើកកម្ពស់​មិត្តភាព​ចិន – កម្ពុជា និង​ការផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​។ ថ្ងៃនេះ​ខ្ញុំ​បាន​ថ្វាយ «​មេដាយ​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន» ដល់ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​។ នេះ​មិនមែន​ត្រឹមតែ​ជាការ​កោតសរសើរ​ដ៏​ខ្ពង់ខ្ពស់ ចំពោះ​ការរួមចំណែក​យ៉ាង​ពិសេស និង​មាន​សារៈសំខាន់​បំផុត ដែល សម្តេចព្រះ​មហាក្សត្រី បានធ្វើ​ឱ្យមាន​ទំនាក់ទំនង​ចិន – កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​លើកកម្ពស់​មិត្តភាព​ដ៏​ជ្រាលជ្រៅ​បំផុត​រវាង​ប្រជាជន​ចិន និង​កម្ពុជា​ផងដែរ​។ យើង​ត្រូវតែ​បន្ត​ការខិតខំ​ដើម្បី​ជំរុញ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន និង​កម្ពុជា​ឱ្យ​ឈានដល់​កម្រិត​ថ្មី​មួយ​។​

​ក្នុង​ព្រះរាជ​សវន​ការ​ដ៏​វិសេសវិសាល​នោះ ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ​មាន​ព្រះរាជឱង្ការ​សំណេះសំណាល​ថា ឯកឧត្តម​ប្រធានាធិបតី Xi JinPing និង​លោកជំទាវ បានផ្តល់​គ្រឿង​ឥស្សរិយយស​ដ៏​ថ្លៃថ្លា​ដែល​ធ្វើឱ្យ​យើង​រឹត​តែមាន​អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​បំផុត នៃ​មិត្តភាព​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រជាជន​ចិន ចំពោះ​ប្រជាជន​កម្ពុជា​។ ខ្ញុំ​ទើបតែ​បានធ្វើ​ទស្សនកិច្ច​ពិ​សេសមួយ​ដើម្បី​ទស្សនា ខេត្ត​សាន​សុី​។ ខ្ញុំ​សូម​កោតសរសើរ​ដោយស្មោះ នូវ​សមិទ្ធិផល​ដ៏​អស្ចារ្យ​ដែល​ប្រជាជន​ចិន​សម្រេចបាន ក្រោម​ការដឹកនាំ​របស់​បក្សកុម្មុយនិស្ត​ចិន ក្នុងការ​អភិឌ្ឍន៍ និង​កិច្ចខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​។ ខ្ញុំ​និង​បន្ត​ការសហការ​ជាមួយ ឯកឧត្តម​ប្រធានា​ធិបតី Xi JinPing ដើម្បី​ទទួល​មរតក​ដ៏​វិសេសវិសាល និង​បន្ត​នូវ​ចំណងមិត្តភាព​ដ៏​ជ្រាលជ្រៅ រវាង​មេដឹកនាំ​ជំនាន់​ចាស់​នៃ​ប្រទេស​ទាំងពីរ និង​សរសេរ​ជំពូក​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​កម្ពុជា – ចិន​។ ខ្ញុំ​សូម​ជូនពរ​ដោយស្មោះ​ដល់​ប្រទេស​ចិន ឲ្យ​ទទួលបាន​ការអភិវឌ្ឍ​ថ្មីៗ និង​កាន់តែ​ប្រសើរ​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម​ប្រធានាធិបតី​។​

​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ មាន​ព្រះរាជ​សវនីយ៍​ក្នុងឱកាស​ដ៏​ឧត្តុង្គឧត្តម​នោះ​ថា សម្តេចព្រះ​នរោត្តម សីហនុ និង​ខ្ញុំ គឺជា​មិត្ត​ចាស់ និង​ជា​មិត្ត​ល្អ​របស់​ប្រជាជន​ចិន​។ ក្នុង​រយៈពេល ៦០ ឆ្នាំ​កន្លងមកនេះ ខ្ញុំ​បានធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ជាច្រើន​ដង ហើយ​រាល់ពេល​ខ្ញុំ​តែងតែ​ទទួល​អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​អំពី​ការអភិវឌ្ឍ និង​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​ចិន​។ ការ​ដែរ ឯកឧត្តម​ប្រធានាធិបតី បាន​ថ្វាយ​មក​ខ្ញុំ​នូវ «​មេដាយ​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» នៅពេលនេះ ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​រំជួលចិត្ត​យ៉ាងខ្លាំង​។ ខ្ញុំ​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រឹតចំណង​មិត្តភាព​កម្ពុ​ជា – ចិន ឲ្យ​កាន់តែ​ល្អប្រសើរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​