ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។
អញ្ជើញអម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នៅក្នុងកិច្ចប្រជុំ រួមមាន ឯកឧត្តម បណ្ឌិ ត ស ភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំដូចខាងក្រោម៖ ប្រជុំកំពូលអាស៊ានលើកទី៣៧, កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៣ , កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ាន -សាធារណរដ្ឋកូរ៉េ លើកទី២១ , កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៨, កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន-នូវែលហ្សេឡង់, កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន -អូស្ត្រាលី , កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៥, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី ១១, កិច្ចប្រជុំកំពូលអាស៊ាន -ឥណ្ឌា លើកទី១៧ និងកិច្ចប្រជុំកំពូលស្ដីពីភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (ROEP លើកទី៤)។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមផងដែរ ក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រី អាស៊ាន ដែលក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត អ៊ុង កន្ថាផាវី នឹងថ្លែងសុន្ទរកថាស្តីពី “តួនាទី របស់ស្ត្រីក្នុងការកសាងសហគមន៍អាស៊ានដែលស្អិតរមួត ស្វាហាប់ ប្រកបដោយចីរភាព និង បរិយាប័ន្ន នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩” កិច្ចប្រជុំកំពូលមេគង្គ -ជប៉ុនលើកទី១២ កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី២ និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូកបីជាមួយ តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ដែលនឹងប្រព្រឹត្តទៅស្របពេលជាមួយនឹងកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៧។
នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ លោកជំទាវ អ៊ិត សោភា រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា តាងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមជាតំណាងកម្ពុជាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២២ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៨ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការសោកស្តាយ យ៉ាងជ្រាលជ្រៅដល់សមភាគីទាំងអស់ ចំពោះអវត្តមានក្នុងព្រឹត្តការណ៍ដ៏សំខាន់ទាំងនេះ ដោយសារកំពុងស្ថិតក្នុងការដាក់ខ្លួននៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ តាមការកំណត់ជាកំហិតនៃបទបញ្ញត្តិជាតិស្តីពីសុវត្ថិភាពសុខភាពប្រឆាំងជំងឺ កូដ-១៩៕
ដោយ៖បញ្ញាស័ក្តិ