កំពង់ធំ ៖ នៅសងខាងផ្លូវជាតិលេខ៦ ក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំគេប្រទះឃើញមានត្បាល់បុកអំបុក ដែលគេច្នៃប្រឌិតរាប់រយគ្រឿង ដោយប្រើម៉ាស៊ីនគោយន្តជំនួស ដោយប្រើកម្លាំងមនុស្ស ទទួលបានទិន្នផលខ្ពស់ ក្នុង១ថ្ងៃផលិតអស់ស្រូវក្នុងមួយគ្រួសារពី១០០ពី២០០គីឡូក្រាមហើយមានរសជាតិឈ្ងុយឆ្ងាញ់ត្រូវបានក្រសួងកសិកម្មឲ្យជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស ហើយអ្នកផលិតមានការកើនឡើងរាប់រយគ្រួសារ ធ្វើឲ្យេជីវភាពអ្នកឃុំសាន់គរមានភាពធូរធារច្រើន។
ជួបជាមួយអ្នកយកព័ត៌មាន ឈ្មោះស្វាយ អិត ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិសាន់គរ(ក) បាននិយាយថា ក្រុមគ្រួ
សារគាត់បីជំនាន់មកហើយ ផលិតអំបុកនេះតាំងពីជីដូនជីតា ឪពុកម្តាយរហូតមកដល់រូបខ្លួននិងក្រុមគ្រួសារ។ ការដាល់អំបុកនេះពីដើមគឺរវល់មួយគ្រួសារមានគ្នា៥ទៅ៦នាក់ ទើបផលិតបានដោយមានម្នាក់ៗ មានការងាររៀងៗខ្លួនមានម្នាជាអ្នកលីងស្រូវថ្មី(ភាគច្រើនមានស្រូវរំដួលឬស្រូវដំណើប)។ ឥឡូវគ្មានទេស្រូវដំណើប។ ចំណែក២នាក់ទៀត ជាអ្នកបុកអំបុកក្នុងនោះមានម្នាក់ជាអ្នកកាន់ឈើវែងចាំឆ្កៀសអំបុកត្រឡប់ចុះត្រឡប់ឡើង ដើម្បីឲ្យវាសំប៉ែតសព្វរួច មានម្នាក់ទៀតជាអ្នកអុំរែងយកកន្ទក់ និងអង្កាមចេញ ទើបអាចលក់បាន។ បន្តមកទៀត គេប្រើត្បាល់ជាន់ដោយប្រើមនុស្សពីម្នាក់ទៅ២នាក់ និងមានម្នាក់ជាអ្នកចាំឆ្កៀសអំបុកត្រឡប់ចុះត្រឡប់ឡើង ដើម្បីឲ្យវាសំប៉ែតសព្វ រួចមានម្នាក់ទៀតជាអ្នកអុំរែងយកកន្ទក់និងអង្កាមចេញ ទើបអាចលក់បាន។
ប្អូនប្រុសបានបន្តថា រហូតមកជំនាន់នេះ គឺគេប្រើមនុស្សតែម្នាក់ឬ២នាក់ អាចផលិតអំបុកបានហើយ ដោយសារតែគេច្នៃប្រឌិតដោយយកម៉ាស៊ីនគោយន្តមកប្រើជំនួសកម្លាំងមនុស្សនិងមានប្រដាប់សម្រាប់លីងស្រូវក្នុងខ្ទះមួយឲ្យស្ងួត ហើយដាក់ទៅក្នុងខ្ទះមួយទៀតឲ្យឆ្អិនរួចចាក់ចូលត្បាល់តូចល្មម ដោយក្នុង១ត្បាល់អាចផលិតអំបុកបានតែជាង១កំប៉ុងអង្ករដោយក្នុង១កំប៉ុងលក់តម្លៃពី១.៥០០ទៅ២ពាន់រៀល ឬ៣កំប៉ុង៥ពាន់រៀល។
គាត់បន្តថា ការផលិតអំបុកនេះ ភាគច្រើនគេចាប់ផ្តើមតាំងពីម៉ោង៥ភ្លឺរហូតដល់ម៉ោង១១យប់ អស់ស្រូវ១០០គីឡូក្រាម។ ចំពោះអ្នកដែលមានសមាជិកច្រើន គេអាចដាក់ត្បាល់២ទន្ទឹមគ្នា ហើយក្នុង១ថ្ងៃគេផលិតអស់ស្រូវជិត២០០គីឡូក្រាម។
នៅក្នុងភូមិសាន់គរមួយ មានអ្នកផលិតអំបុក៥០គ្រួសារ ហើយបុកលក់សឹងមិនទាន់តម្រូវការអ្នកទិញ ហើយមានម៉ូយមកទិញបន្តយកទៅលក់នៅតាមទីផ្សារនានាផង។ បច្ចុប្បន្ននេះក្នុងឃុំសាន់គរមួយ មាន៥ភូមិនាំគ្នាផលិតអំបុកលក់ដូចៗគ្នា ហើយប្រើម៉ាស៊ីនគោយន្តដូចគ្នាដែរ។
ការផលិតអំបុកនេះគេចាប់ផ្តើមពីខែ៧ដល់ខែ១២ទើបចប់។គាត់បានប្រាប់ថា នៅខែសីហាឆ្នាំ២០២០កន្លងទៅ ក្រសួងបានហៅអ្នកឃុំសាន់គរ យកអំបុកទៅប្រឡងប្រណាំង ជាមួយអំបុកខេត្តដទៃទៀត បានជាប់ចំណាត់ថ្នាក់លេខ១។ ដោយសារជំងឺកូវីដ១៩ ទើបផ្អាកការផលិតមួយរយៈទើបតែពេលបុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំខ្មែរ ទើបចាប់ផលិតឡើងវិញ រហូតដល់សព្វថ្ងៃដោយសារមានភ្ញៀវទេសចរជាតិ ដើរលេងទៅសៀមរាប និងខេត្តដទៃទៀតច្រើន ទើបលក់ដាច់ច្រើនសឹងតែផលិតមិនទាន់តម្រូវការអ្នកទិញ។
ដោយឡែកស្រី្តម្នាក់ឈ្មោះស្រីពៅអាយុ២៧ឆ្នាំ នៅភូមិសាន់គរឃុំសាន់គរ បានប្រាប់ថា ដោយសារតែការច្នៃប្រឌិត តាមគ្នាដោយយកគោយន្តមកបញ្ឆេះអូសជំនួស កម្លាំងមនុស្សទើបមូយគ្រួសារៗ អាចផលិតអំបុកបានច្រើនរយគីឡូ
ក្រាមក្នុង១ថ្ងៃៗ ធ្វើឲ្យជីវភាពរបសប្រជាពលរដ្ឋឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានធូរធារច្រើនហើយមិននាំគ្នាចំណាកស្រុកទៅធ្វើពលករខុសច្បាប់នៅប្រទេសជិតខាងទៀតទេ។
ស្ត្រីឈ្មោះពៅ បានបន្តថា ក្រៅពីមុខរបរបុកអំបុកប្រជាជនឃុំសាន់គរមានមុខរបរមួយផ្សេងទៀត គឺលក់ផ្អកត្រីប្រៃ
និងប្រហុកច្រកកំប៉ុងជ័រ ក្នុង១កំប៉ុងកន្លះគីឡូក្រាម តម្លៃ៧ពាន់រៀលនិង១កំប៉ុង១គីឡូក្រាមតម្លៃតែ១៣.០០០រៀល៕ ដោយ៖គ្រញូង