ភ្នំពេញ៖ នាវេលារសៀលថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះរាជទីនាំងយន្តហោះពិសេស ពីសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីស្តេចយាងគង់ប្រថាប់ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព ក្នុងរដ្ឋធានីប៉េកាំង នារយៈពេលជាង ១ខែកន្លងទៅ ។
ក្នុងឱកាសដ៏វិសេសវិសាលនោះមានការយាង និងអញ្ជើញថ្វាយព្រះរាជបដិសណ្ឋារកិច្ចពីសំណាក់ព្រះរាជវង្សានុវង្ស ឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបផងដែរ។
អញ្ជើញចូលរួមថ្វាយនូវព្រះរាជគាវរកិច្ចដ៏ខ្ពង់ខ្ពស់នាឱកាសនោះ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។
គួររំលឹកថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតា ព្រះអង្គទាំងទ្វេស្ដេចបានយាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពតាមកាលបរិច្ឆេទទូលថ្វាយដោយក្រុមវេជ្ជបណ្ឌិតចំណានៗដែលរៀបចំថ្វាយជាពិសេសដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាបវេណីដ៏ឧត្តុង្គឧត្តមនៃទំនាក់ទំនងដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងឱកាសនៃព្រះរាជវត្តមាននៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គស្តេចបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ ចំនួន៣ថ្ងៃ នៅខេត្តសានស៊ី តបតាមសេចក្តីក្រាបបង្គំសូមយាង និងរៀបចំថ្វាយដោយ ឯកឧត្តមប្រធានាធិបតី Xi JinPing។
កាន់តែវិសេសវិសាលថែមទៀតនោះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបានថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ពិធីថ្វាយគ្រឿងឥស្សរិយយសបានប្រារព្ធឡើងនៅវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង ដោយឯកឧត្តមប្រធានាធិបតី Xi JinPing បានថ្វាយដោយផ្ទាល់យ៉ាងមហោឡារិកអធឹកអធម និងឧត្តុង្គឧត្តមខ្ពង់ខ្ពស់ជាទីបំផុត។ គ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក។
កាលពីរសៀលថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចទាំងទ្វេសព្វព្រះរាជហឫទ័យយាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នៅមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការយាង និងដង្ហែព្រះរាជសវនាការដោយ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង និងថ្នាក់ដឹកនាំកំពូលៗចិនជាច្រើនរូបផងដែរ។
ប្រជានុរាស្ត្រកម្ពុជាទូទាំងព្រះរាជាណាចក្រ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយនូវព្រះសព្ទសាធុការពរ និងអបអរសាទរក្នុងមនោសញ្ចេតនាគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដែល ព្រះអង្គ ត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាព កម្ពុជា-ចិន។
សម្តេចព្រះមហាក្សត្រី ព្រះអង្គគឺជាសាក្សីដ៏សំខាន់ និងជាអ្នកជំរុញនូវចំណងមិត្តភាពចិន-កម្ពុជា ។ ព្រះអង្គ បានចាប់ផ្តើមបង្កើតចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ចាប់តាំងពីពេលដែលទ្រង់បានដង្ហែព្រះរាជដំណើរទស្សនកិច្ច នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាលើកដំបូងមកកាន់ប្រទេសចិន នៅក្នុងឆ្នាំ ១៩៥៨ ។
សម្តេចព្រះមហាក្សត្រី ព្រះអង្គបានបំពេញព្រះរាជតួនាទីយ៉ាងសំខាន់បំផុត ក្នុងបុព្វហេតុនៃចំណងមិត្តភាពរវាងប្រទេសទាំង២ ក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះ ហើយ សម្រាប់ប្រទេសចិន ព្រះអង្គ គឺជាសាក្សីដ៏សំខាន់ចំពោះភាពរីកចម្រើនទាំងឡាយក្នុងសង្គមចិនបច្ចុប្បន្ន ។
សម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជហឫទ័យយ៉ាងពិសេសចំពោះប្រជាជនចិន ហើយបានគាំទ្រយ៉ាងសកម្មដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ហើយខ្ញុំកត់សម្គាល់ថា សម្តេចព្រះមហាក្សត្រី ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងការលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរ។
ឯកឧត្តម បានគូសបញ្ចាក់ទៀតថា ចាប់តាំងពីការបង្កើតឡើងនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៦២ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរតែងតែគាំទ្រគ្នា និងជួយគ្នាបង្កើតចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន និងក្លាយជាសហគមន៍យុទ្ធសាស្ត្រមួយដែលមានអនាគតរួមគ្នា ។
សាធារណរដ្ឋប្រជាមានិតចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីការឆ្ពោះទៅមុខ ឆ្ពោះទៅរកចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំចិនជំនាន់មុន ជាមួយនឹង សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី និងបញ្ចូលកម្លាំងជំរុញថ្មីដល់ទំនាក់ទំនងទ្វេភាគី ក្នុងសម័យកាលប្រវត្តិសាស្ត្រថ្មីដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
គ្រឿងឥស្សរិយយស ដែលខ្ញុំមានកត្តិយសថ្វាយជូន សម្តេចព្រះមហាក្សត្រី នៅពេលនេះ គឺតំណាងឲ្យការគោរពរបស់ប្រជាជនចិន ចំពោះ សម្តេចព្រះមហាក្សត្រី និងមិត្តភាពដ៏ជ្រាលជ្រៅរបស់ពួកគេចំពោះប្រជាជនកម្ពុជា ហើយខ្ញុំសូមជូនពរប្រជាជនចិន និងកម្ពុជា ឲ្យមានវិបុលភាព និងមិត្តភាពជារៀងរហូត។
ប្រសាសន៍ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕ដោយ៖បញ្ញាស័ក្តិ