Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ព្យុះ​ទី ២១ អេ​តូ (ETAU) មាន​ឥទ្ធិពល​ចូលមក​ដល់​លើ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី ស្ថានភាព​អាកាសធាតុ ដោយ​កូន​ព្យុះ​ទី ២១ ឈ្មោះ អេ​តូ (ETAU) នឹង​ថមថយ ឥទ្ធិពល​ទៅជា​វិ​សម្ពាធ ( Tropical Depression ) ពេល​ចូលដល់​លើ​ឆ្នេរ​ភាគខាងត្បូង​ប្រទេស វៀតណាម នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយ​បន្ទាប់​មកជា​សម្ពាធ​ទាប ( Low Pressure) ពេល​ចូល​មកដល់​លើ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា យោង​ការតាមដាន និង​ការវិវត្ត​នៃ​ស្ថានភាព​អាកាសធាតុ បង្ហាញ​ឲ្យ​ឃើញថា នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ វិ​សម្ពាធ (Tropical Depression ) បាន និង​កំពុង​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយនឹង​ធ្វើដំណើរ​ឆ្ពោះ​មក​ទិសបស្ចឹម ដោយ​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ទៅជា កូន​ព្យុះ​ទី ២១ ឈ្មោះ អេ​តូ (ETAU) នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ តាម​ការ​ព្យាករ ព្យុះ​នេះ នឹង​ថមថយ ឥទ្ធិពល​ទៅជា​វិ​សម្ពាធ ( Tropical Depression ) ពេល​ចូលដល់​លើ​ឆ្នេរ​ភាគខាងត្បូង​ប្រទេស​វៀតណាម នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយ​បន្ទាប់​មកជា​សម្ពាធ​ទាប ( Low Pressure) ពេល​ចូល​មកដល់​លើ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ។​

​លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​យប់​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ មាន​ស្ថានភាព ដូចខាងក្រោម ៖ បណ្តា​រាជធានី ខេត្ត នៅ​តំបន់​ខ្ពង់រាប ភាគ​ឦសាន ខេត្ត​ភាគ​ខាងកើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ខេត្ត​ភាគខាងត្បូង នឹង​អាចមាន​ភ្លៀងខ្យល់​ក្នុង​កម្រិត ពី​បង្គួរ​ទៅ​ច្រើន ។ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀងខ្យល់​ក្នុង​កម្រិត ពី​តិច​ទៅ​បង្ហូរ និង រលក​សមុទ្រ​មាន​កម្ពស់​មធ្យម ។​

​យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា ព័ត៌មាន​ពិសេស បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការ យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិងកំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ​មានការ​ប្រែប្រួល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×