ខេត្តស្វាយរៀង៖ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០ ) ដែលប្រារព្ធធ្វើនៅរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីជា សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកលោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបតិ្តការសឹករងស្វាយរៀង និងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីអង្គភាពនានាជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលក្រុងស្វាយរៀង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រះសង្ឃ និស្សិត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក.ខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស ចូលរួមប្រមាណ ៦០០អង្គ/នាក់។
ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់អំពីការរំដោះប្រទេសឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង ហើយទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្របវិស័យ ជាមួយនិងការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ ក្នុងសុខសន្តិភាព និងសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ ។
ក្នុងអង្គមីទ្ទិញទាំងមូល សូមសម្ដែងនូវកត្តញ្ញុតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណជម្នះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ការផ្សះផ្សារជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្ត្រខ្មែរ ៕ដោយ៖វ៉ៃកូ