ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងថា “ខ្ញុំអាចនឹងស្នើទៅព្រះករុណា ព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្នបាន ព្រោះថាច្បាប់មានរួចហើយ ប៉ុន្តែកម្ពុជានៅពេលនេះ ពុំទាន់ដល់ដំណាក់កាលហ្នឹងនៅឡើយទេ”។
ថ្លែងក្នុងនៅសារសំឡេងនៅយប់ថ្ងៃទី៩វិច្ឆិកានេះ សម្តេចតេជោ បានបញ្ជាក់ថា៖ “ខ្ញុំកំពុងតែគិតថា តើត្រូវប្រកាសបិទរាជធានីភ្នំពេញ ឬផ្នែកណាមួយនៅក្នុងប្រទេសឬទេ? ព្រោះថាច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាននៅក្នុងដៃរួចហើយ ដូច្នេះ ខ្ញុំអាចនឹងស្នើទៅព្រះករុណា ព្រះមហាក្សត្រ ដើម្បីព្រះអង្គឡាយព្រះហស្ថលេខា ដើម្បីដាក់ប្រទេសជាតិ ក្នុងផ្នែកណាមួយ ឬរាជធានីភ្នំពេញ ឬអាចប្រទេសទាំងមូល ក្នុងគ្រាមានអាសន្នបាន ក៏ប៉ុន្តែខ្ញុំមិនចង់ទៅដល់នោះទេ ព្រោះនឹងប៉ះពាល់ទៅដល់សិទ្ធសេរីភាពមនុស្សច្រើនគ្នា ខណៈអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល មានត្រឹមជាង ៩០០នាក់ប៉ុណ្ណោះ”។
គួររំលឹកថា ច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលមាន ១២មាត្រា ត្រូវបានចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រមុខរដ្ឋស្តីទី និងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ កន្លងទៅ៕
ដោយ៖បញ្ញាស័ក្តិ