គណបក្សកាន់អំណាចរបស់មីយ៉ាន់ម៉ា ដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី បានអះអាងពីជ័យជំនះកាលពីថ្ងៃច័ន្ទ (៩ វិច្ឆិកា) បន្ទាប់ពីការបោះឆ្នោតទូទៅមួយ ដែលត្រូវបានគេមើលឃើញថាជាការធ្វើប្រជាមតិលើរដ្ឋាភិបាលប្រជាធិបតេយ្យដំបូងគេ ដែលដឹកនាំប្រទេសចាប់តាំងពីការបញ្ចប់ នៃការគ្រប់គ្រងដោយរបបយោធាអស់ជាច្រើនទសវត្សរ៍។
អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីបាននិយាយថា ការរាប់សន្លឹកឆ្នោតក្រៅផ្លូវការរបស់ខ្លួនបានបង្ហាញថា ខ្លួនបានឈ្នះអាសនៈចំនួន ៣២២ ដែលចាំបាច់សម្រាប់បង្កើតរដ្ឋាភិបាលថ្មីមួយ ទោះបីជាលទ្ធផលពីគណៈកម្មការបោះឆ្នោតមិនត្រូវបានចេញផ្សាយក៏ដោយ។
ខណៈដែលកេរ្តិ៍ឈ្មោះរបស់អ្នកទទួលរង្វាន់ណូបែលសន្តិភាពត្រូវបានដួលរលំជាអន្តរជាតិ ជុំវិញការចោទប្រកាន់ដ៏ចម្រូងចម្រាសអំពីអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា លោកស្រីអ៊ុងសានស៊ូជី នៅតែជាមនុស្សជាទីស្រឡាញ់សម្រាប់ប្រទេសនេះ ហើយហ្វូងមនុស្សជាច្រើនបានតម្រង់ជួរតាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ ដើម្បីបោះឆ្នោតទោះបីជាមានការភ័យខ្លាចថាមេរោគឆ្លងកូវីដ១៩ ដែលអាចធ្វើឱ្យថយចុះចំនួនអ្នកបោះឆ្នោតក៏ដោយ។
មនុស្សជាច្រើនបាននិយាយអំពីសារសំខាន់នៃការរក្សាអំណាចរបស់គណបក្ស NLD ក្នុងការប្រឆាំងនឹងឥទ្ធិពលយោធានៅក្នុងនយោបាយ បន្ទាប់ពីការគ្រប់គ្រងដោយផ្ទាល់កន្លះសតវត្សរ៍បានបញ្ចប់នៅក្នុងកំណែទម្រង់ក្នុងឆ្នាំ ២០១១ ទោះបីយ៉ាងណាក្រុមអ្នករិះគន់និយាយថា គណបក្សនេះទទួលបានលទ្ធផលតិចតួចក្នុងការឈានទៅរកការផ្លាស់ប្តូរប្រជាធិបតេយ្យ៕
ប្រភព៖ រ៉យទ័រ
ដោយ៖CEN