ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានដាក់ចេញផែនការជាទ្រង់ទ្រាយធំមួយ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយកំណត់យកទីតាំងច្បាស់លាស់មួយ ហើយផ្តើមការត្រួតពិនិត្យ ទីតាំងខុនដូ និងនៅតាមទីតាំងរស់នៅប្រមូលផ្តុំដែលមានការសង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើមានបទល្មើស ONLINE SCAMS។
ឯកឧត្ដមឃួង ស្រេង បានដាក់ចេញជាផែនការខាងលើនេះ នារសៀលថ្ងៃទី១២ មករា ២០២៦នេះ ក្នុងកិច្ចប្រជុំជាមួយកម្លាំងមានសមត្ថកិច្ចនគរបាលជាតិនិងកងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួន នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ហើយការងារនេះ កងកម្លាំងសមត្ថកិច្ចរបស់យើងរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនបានល្អប្រសើរ ហើយកន្លងមករហូតបង្ក្រាបបានជាបន្តបន្ទាប់ទាំង ONLINE SCAMSនិងការចាប់ជំរិតជាដើម។
ឯកឧត្ដម អភិបាលរាជធានីបានបន្តទៀតថា ជាផែនការចំពោះមុខ ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) យើងអនុវត្តជាលក្ខណៈទ្រង់ទ្រាយធំមួយ ជាមូយនិងការកំណត់ទីតាំងច្បាស់លាស់ ពីមួយខណ្ឌទៅមួយខណ្ឌ ពិសេសនៅតំបន់ដែលមានអ្នករស់នៅច្រើនហើយដែលយើងមានការសង្ស័យ។ គ្រប់ខុនដូនិងតាមទីតាំងរស់នៅប្រមូលផ្តុំទាំងអស់ត្រូវតែមានការត្រួតពិនិត្យ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ ក្រៅពីបង្ក្រាប ONLINE SCAMSហើយ ល្បែងស៊ីសងគ្រប់បករភេទ ដូចជាជល់មាន់ ប៊ៀ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូជាដើម គឺត្រូវតែបង្ក្រាប់ឱ្យអស់ ព្រោះវាប៉ះពាល់ផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយចំពោះការងារការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់សាធារណៈ ក៏ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំង១៤ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


















