ភ្នំពេញ ៖ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូលបានចឹញលិខិតអញ្ជើញមេធាវីគឺលោក ជួង ជូងី ជាមេធាវីការពារសិទ្ធឱ្យជនជាប់ចោទឈ្មោះ រ៉ុង ឈុន ចូលមក នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២០ ដើម្បីចូលរួមសវនាការ អំពីដំណើររឿងព្រហ្មទណ្ឌលេខ ៦៥ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។
ព្រះរាជអាជ្ញា ឌុច គឹមសន បានឲ្យដឹងថា យោងដីកាចាត់តាំងសមាសភាពជំនុំជម្រះលេខ ១៧៨ ច ត ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ របស់តុលាការកំពូល។ . ក្រោយពីបានពិនិត្យសំណុំរឿងព្រហ្មទណ្ឌលេខ ៦៥ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ដែលមានជនជាប់ចោទឈ្មោះ រ៉ុង ឈុន ភេទប្រុស អាយុ ៥១ ឆ្នាំ ជាតិខ្មែរ។
ត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេស កម្ពុជា កាលពីថ្ងៃទី២០ និងថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សូមលោក ជួង ជូងី ជាមេធាវីការពារសិទ្ធឱ្យជនជាប់ចោទឈ្មោះ រ៉ុង ឈុន ចូលមក នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០ ព្រឹក (សាលសវទាការទី២) ដើម្បីចូលរួមសវនាការ អំពីដំណើររឿងខាងលើ ។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះរួមមាន៖ លោកជំទាវ គឹម សត្ថាវី ជាប្រធាន, ឯកឧត្តម សោម សិរីវឌ្ឍ» ឯកឧត្តម អ៊ុន គីមស្រី , លោកជំទាវ ទាំង ស៊ីណាត ឯកឧត្តម ចន្ន រង្សី ជាចៅក្រមប្រឹក្សានៃក្រុមប្រឹក្សាជំនុំជម្រះ។ សម្គាល់ ក្នុងករណីមានធុរៈមិនអាចចូលមកបានសូមជូនដំណឹងមកតុលាការកំពូលជាបន្ទាន់ ៕ ដោយ៖បញ្ញាស័ក្តិ