ខេត្តស្វាយរៀង៖ លោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាង លោក ជុំ ហាត ក្រុមប្រឹក្សាខេត្ត លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាង លោកអភិបាលខេត្តនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលស្ថិតនៅបរិវេណសាលាស្រុករមាសហែកខេត្តស្វាយរៀង ដើម្បីចង់ដឹងអំពីកង្វល់និងសំណូមពរនានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យអាជ្ញាធរដោះស្រាយបានទាន់ពេលវេលាប្រកបដោយតម្លាភាព និងមានគណនេយ្យភាពត្រឹមត្រូវ។
នៅក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងនោះផងដែរក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត អភិបាលស្រុក ប្រធាន អនុប្រធានទីចាត់ការ អង្គភាពនានា ចំណុះសាលាខេត្ត មន្ត្រីសាលាស្រុក កងកម្លាំងទាំង៣ ក្រុមប្រឹក្សាសង្កាត់ មេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋជាច្រើនអនកទៀត។
លោក រស់ ឆាយ បានថ្លែងអំណរគុណចំពោះវត្តមាន លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិកា និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុត្តិសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ហែម ពិសិដ្ឋ បានមានប្រសាសន៍ថា៖ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សាតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ។
សូមបញ្ជាក់ជូនថា: អង្គវេទិការនេះបានផ្តោតសំខាន់ទៅលើចំណុចសំខាន់មួយចំនួនដូចជា៖
– ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
-ការងារអភិវឌ្ឍន៍មូលដ្ឋាន , ការផ្ដល់សេវាសាធារណៈ , ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និង សំណង់
-ការធ្វើអត្តសញ្ញាណប័ណ្ណ , ទំនាស់ដីធ្លី ការចុះសំបុត្រអត្រានុកូលដ្ឋាន
-សុខភាពអនាម័យ , បរិស្ថាន , ការបោះបង់ការសិក្សា , សេវាសុខាភិបាល , ព្រៃឈើសហគមន៍ , អគ្គិសនី និង ការសាងសង់សំណង់ផ្សេងៗ ៕ដោយ៖វ៉ៃកូ