ភ្នំពេញ៖ នាវេលារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នាឱកាសអបអរសាទរខួបលើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ នាវិមានឯករាជ្យ ដោយមានការយាងអមដង្ហែដោយឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បណ្តាអង្គទូត និងប្រិយមិត្តបរទស ព្រមទាំងមហាជនយ៉ាងច្រើនកុះករ ។
ពិធីពន្លត់ទៀនជ័យ មិនខុសពីពេលប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៦៧ កាលពីព្រឹកថ្ងៃទី៩វិច្ឆិកានោះទេ គឺមានការយាងនិងអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ឥស្សរជនជាន់ខ្ពស់ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត បណ្តាលប្រទេសជាមិត្ត។
ប្រជានុរាស្ត្រទូទាំងប្រទេស ចងចាំ និងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណា បិតាឯករាជ្យជាតិ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាគម្រូវីរភាពដ៏ក្លៀវក្លាបំផុតក្នុងកាទាមទារឯករាជ្យជាតិ ពេញលេញ ជូនប្រទេសជាតិ ពីសាធារណរដ្ឋបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕ដោយ៖បញ្ញាស័ក្តិ