ភ្នំពេញ៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសច្រានចោលព័ត៌មានចចាមអារាម ស្តីពី ការបិទរាជធានីភ្នំពេញ និង ហាមធ្វើដំណើរ។
នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ផៃ ស៊ីផាន បានបញ្ជាក់ជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFsថា «មិនមានសេចក្តីប្រកាសណាមួយពី សម្តេចតេជោ ហ៊ុន សែន ឱ្យបិទរាជធានីភ្នំពេញ ឬការធ្វើដំណើរឆ្លងខេត្តនោះឡើយ។ ខ្ញុំសូមច្រានចោលនូវព័ត៌មាននេះទាំងស្រុង»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា “គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs។ យើងខ្ញុំ សង្កេតឃើញថា មានការផ្អើលតាមរយៈសារសំឡេងបានប្រឌិតអំពីស្ថានភាព នៃការបិទទីក្រុងភ្នំពេញ ឬចំណែកណាមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ គឺជាការប្រឌិតព័ត៌មានដោយគ្មានហេតុផល និងគ្មានមូលដ្ឋានច្បាស់នោះឡើយ។
សារសំឡេងនោះបានផ្សព្វផ្សាយថា “លិខិតចេញពីគណៈរដ្ឋមន្ត្រីចូលទៅរាជវាំងសុំហត្ថលេខាពីសម្តេចសីហមុនី ដើម្បីបិទក្រុង…” ។
សូមបញ្ជាក់ផងដែរថា នេះជាព័ត៌មានប្រឌិតដែលផ្សព្វផ្សាយបំភ័ន្តធ្វើឱ្យមានភាពជ្រួលច្របល់។ យើងខ្ញុំ សូមគោរពជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មេត្តារក្សាភាពស្ងប់ស្ងៀម កុំចាញ់បោកការឃោសនាអកុសលនេះ សមត្ថកិច្ចប្រឆាំងនិងព័ត៌មានក្លែងក្លាយ នឹងចាត់វិធានការផ្លូវច្បាប់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសន្ដិសុខជាតិ។ សូមអរគុណ”។
លោក ផៃ ស៊ីផាន បានចាត់ទុកថា ការប្រឌិតព័ត៌មាននេះឡើង ក្នុងចេតនាទុច្ចរិត ឬបង្កើតវិធង្សនាអ្វីមួយ ហើយ ក៏បានស្នើឱ្យសមត្ថកិច្ច តាមស្វែងរកជនទម្លាយសំឡេងនេះ ហើយផ្តន្ទាទោសទៅតាមច្បាប់។
សូមបញ្ជាក់ថា ៖ ការចេញមកប្រតិកម្ម និងច្រានចោលព័ត៌មានប្រឌិតទាំងយប់នេះ បន្ទាប់ពីមានការចែកចាយសំឡេងបុរសម្នាក់ នៅតាមបណ្តាញសង្គម ដោយបានលើកឡើងថា នឹងមានការបិទរាជធានីភ្នំពេញ ដើម្បីជាវិធានការទប់ស្កាត់ការរីកសាយភាយជំងឺកូវីដ១៩។
ក្រៅតែពីការផ្សព្វផ្សាយប្រឌិតព័ត៌មានបិទរាជធានីហើយនោះ មានជនខ្លះក៏បានចែករំលែកសំឡេងណែនាំរបស់សម្តេចតេជោ កាលពីពេលបុណ្យចូលឆ្នាំថ្មី ស្តីពីការហាមមិនឱ្យធ្វើដំណើរឆ្លងខេត្តផងដែរ។ ការចែកចាយសំឡេងនេះ នាំឱ្យមានការយល់ច្រឡំជាច្រើន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យស្លន់ស្លោជ្រុលលើបញ្ហានេះ និងបានអរគុណដល់អ្នកលក់ដូរផងដែរ ដែលមិនឆ្លៀតឱកាសនេះធ្វើឱ្យមានការឡើងថ្លៃទំនិញលើទីផ្សារ៕ដោយ៖បញ្ញាស័ក្តិ