Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ម៉ែន សំអន ចែក​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង ១០២០​គ្រួសារ នៅ​ខេត្តស្វាយរៀង

​ស្វាយរៀង​៖ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តស្វាយរៀង តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​នាំ​ពូជស្រូវ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ១០២០​គ្រួសារ ដែល មាន​ទីតាំង​តាម​បណ្ដោយ​មាត់ទន្លេ​វ៉ៃ​គោ ស្ថិតក្នុង​សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល សម្ដេច​ទាំងពីរ​តែងតែ​គិតគូរ អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ដោយ​ចុះ​ដល់​ទីតាំង​រងគ្រោះ និង​បាន​ចាត់​តំណាង​ចូលរួម​ជំនួស​សម្តេច ។​

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត បាន​មានប្រសាសន៍ថា ៖​សម្តេច​តេ​ជោ ពិតជា​សោកស្តាយ ដែល​មិន​អាចមក​ចូលរួម​ផ្ទាល់ ប៉ុន្តែ​សម្តេច​បាន​ចាត់​ឲ្យ​តំណាង​ចូលរួម​ទៅកាន់​ខេត្ត​គោលដៅ​តាម​ផែនការ​កំណត់ ដោយ​តាមដាន​ការអនុវត្ត​ជាប់​ជាប្រចាំ ការចែក​ស្បៀង និង​ស្រូវពូជ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ឲ្យ​បាន​ទាន់ពេលវេលា នៅក្នុង​ដំណាក់កាល​ស្តា​ឡើង វិញ​នេះ គឺជា​កិច្ចការ​អាទិភាព​សំខាន់​ចាំបាច់ ដោយ​មិនអាច​ពន្យារពេលបាន​។

លោកស្រី​ក៏បាន ថ្លែងអំណរគុណ​ចំពោះ លោក លោកស្រី កងកម្លាំង​ទាំងបី​ប្រភេទ អាជ្ញាធរ​ដែនដី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង និង​ក្រុមការងារ​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​រៀបចំ​កម្មវិធី​នេះ​ប្រព្រឹត្តទៅបាន​យ៉ាង​ល្អ ។
លោកស្រី​ក៏បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការប្រុងប្រយ័ត្ន និង​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ការពារ​ខ្លួន​ព្រមទាំង​ក្រុមគ្រួសារ និង​សហគមន៍ ពី​ជំងឺ​កូ​វីដ​១៩ ព្រោះ​មកដល់ពេលនេះ​ជំងឺ​នេះ​នៅ​បន្ត​រីក​រាលដាល​យ៉ាងខ្លាំង និង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ​។ ត្រូវ​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ចូលរួម​ពង្រឹង​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ជៀង​ផុតពី​គ្រឿងញៀន​។ ជាពិសេស​សូម​បន្ត​រួមគ្នា​ការពារ​សន្តិភាព ដែល​នេះ​ជា​កិច្ច​ការសំខាន់ និង​ជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​យើង​រួម​បន្ត​អភិវឌ្ឍន៍​ប្រទេស​យើង​ទៅមុខទៀត​។​

អំណោយ​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែកជូន​ប្រជាពលរដ្ឋ ១០២០​គ្រួសារ រួមមាន ក្នុង ១​គ្រួសារ ទទួលបាន ស្រូវពូជ ១០០​គីឡូក្រាម មី ១ កេស នំប៉័ង ១​ដើម និង​ថវិកា ៥​ម៉ឺន​រៀល ៕​ដោយ​៖​វ៉ៃ​កូ​

×