ភ្នំពេញ៖ អង្គប្រជុំព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយឥតកែប្រែចំនួន៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥២រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
សេចក្ដីព្រាងច្បាប់នេះ គឺជាឯកសារគ្រឹះរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា ដោយកំណត់ខ្សែព្រំដែនមិនកែប្រែរឹងមាំ យូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយ និងបង្កើនទំនាក់ទំនងអ្នកជិតខាងល្អ ថែរក្សាបាននូវព្រំដែនសន្ដិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
នេះគឺជាជោគជ័យនៃការអនុវត្តជាក់ស្ដែងនូវនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងទទួលខុសត្រូវចំពោះប្រវត្តិសាស្ដ្រប្រទេសជាតិកម្ពុជា ស្របតាមមាត្រា៥២ ជំពូកទី៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល
កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។
ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕ដោយ៖បញ្ញាស័ក្តិ