ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការផ្ដល់ជូនពូជស្រូវ ពូជបន្លែ និងអំណោយមួយចំនួនទៀតនាពេលនេះ គឺជាដំណាក់កាលអាទិភាពដើម្បីផ្ដល់លទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋអាចចាប់ផ្ដើមបង្កបង្កើនផលឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធនឹងជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់នាពេលកន្លងមក។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀតជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣៥០០គ្រួសារ រៀបចំនៅសាលាខេត្តព្រៃវែងនៅ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោក សួន ម៉ាលីន អភិបាលស្ដីទីនៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងគណៈអធិបតីថា ខេត្តព្រៃវែង បានជួបប្រទះនូវទឹកជំនន់ទឹកភ្លៀង ចាប់ពីដើមខែតុលាឆ្នាំ២០២០ ដែលបានធ្វើឱ្យខូចខាតផ្លូវដែលសាងសង់ដោយមូលនិធិឃុំសរុបជាង៧ម៉ឺន៧ពាន់ម៉ែត្រ, ទំនប់ប្រឡាយ១៥០ម៉ែត្រ, ប្រព័ន្ធលូ៦៥កន្លែង និងបានប៉ះពាល់ផ្ទៃដីដាំដុះស្រូវចំនួន៧ក្រុងស្រុក។
លោកបន្តថាផលស្រូវដែលប៉ះពាល់សរុបមាន៥,៦៦៨ហិកតា ខូចខាតចំនួន ៣,៥០០ហិកតា ស្មើនឹង ៣,៥០០គ្រួសារ ក្នុងនោះស្រុកបាភ្នំចំនួន៦២៦ហិកតា, ស្រុកកំពង់ត្របែកចំនួន ៧៣៦ហិកតា, ស្រុកមេសាងចំនួន៣៧៦ហិកតា,ស្រុកពាមរក៍ចំនួន៤៦៥ហិកតា, ស្រុកព្រះស្តេចចំនួន៥៧៦ហិកតា, ក្រុងព្រៃវែងចំនួន៣៦០ហិកតា និងស្រុកពោធិ៍រៀងចំនួន ៣៦១ហិកតា។
សម្ដេចបានមានប្រសាសន៍ថា បច្ចប្បន្ននេះ ខេត្តព្រៃវែងបានឈរជាខេត្តធ្វើស្រូវបានច្រើនជាងគេ គឺច្រើនជាងខេត្តបាត់ដំបងទៅទៀត អាស្រ័យដោយមានប្រព័ន្ធធារាស្ត្រ កសិករកាន់តែច្រើនបានងាកមកធ្វើស្រែដោយប្រើប្រាស់គ្រឿងចក្រ និងគួបផ្សុំតម្លៃកសិផលលក់បានក្នុងតម្លៃសមរម្យ។ សម្ដេចបានមានប្រសាសន៍ថាខេត្តព្រៃវែងធ្វើស្រែបានច្រើន ប៉ុន្តែមានកសិករធ្វើស្រែតិចជាងមុន គឺអាស្រ័យដោយការផ្លាស់ប្ដូរពីកសិកម្មបែបប្រពៃណី មកជាកសិកម្មបែបទំនើប។
នៅក្នុងឱកាសសំណេះសំណាលនោះដែរ សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ជូនប្រជាពលរដ្ឋថា របៀបរបបធ្វើការងាររបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រជាបន្តបន្ទាប់មកនេះ គឺការបែងចែកមន្ត្រីចុះទៅតាមមូលដ្ឋាន ដើម្បីតាមដានតម្រូវការ ក្ដីកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ហើយរួមសហការគ្នាពីតាំងថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ដើម្បីមានវិធានការដោះស្រាយឱ្យបានឆាប់រហ័សបំផុត ដោយប្រកាន់ប្រពៃណីរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពជំងឺកូវីដ១៩ ដោយសម្ដេចបានសម្ដែងក្ដីសង្ឃឹមថា រដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋនឹងបន្តបង្កើនការប្រុងប្រយ័ត្ន និងអនុត្តវិធានការនានារបស់ក្រសួងសុខាភិបាល។ សម្ដេចក៏អំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមអប់រំកូនចៅ សមាជិកគ្រួសារ ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមរាយការណ៍ករណីគ្រឿងញៀនទៅសមត្ថកិច្ច ហើយអាជ្ញាធរ និងសមត្ថកិច្ចក៏ត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹងបំផុត។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង សម្ដេចក្រឡាហោម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំក្រុមការងារ និងអាជ្ញាធរគ្រប់លំបាប់ថ្នាក់ដែលបានរួមសាហការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេល និងបានអំពាវនាវប្រជាពលរដ្ឋខិតខំកសាងជីវភាពគ្រួសារឱ្យបានប្រសើរ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចសង្គម និងប្រទេសជាតិ។
សូមបញ្ជាក់ថា អំណោយដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានផ្ដល់ជូនប្រជាពលរដ្ឋចំនួន៣៥០០គ្រួសារ នាឱកាសនោះ រួមមានស្រូវពូជ១០០គីឡូក្រាម, គ្រាប់ពូជបន្លែ៤មុខ មានស្ពៃពីរមុខ ត្រប់ និងត្រកួន ព្រមទាំងឃីតមួយកញ្ចប់ មានសម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគ រួមទាំងថវិកាមួយចំនួនទៀតដែរ៕ ដោយ៖បញ្ញាស័ក្តិ