ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចប្រោសព្រះបរមរាជានុញ្ញាតព្រះរាជទានជូន ឯកឧត្តម Wang WenTian ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដឹកនាំប្រតិភូ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ដើម្បីថ្វាយព្រះពរ ក្នុងឱកាសដ៏វិសេសវិសាលដែល ព្រះអង្គ ទទួលបានគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធរណរដ្ឋប្រជាមានិតចិន» នាព្រះរាជដំណាក់គន្ធបុផ្ផា ព្រះបរមរាជវាំងនាវេលាព្រឹកថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២០។
ស្ថានទូតចិនប្រចាំកម្ពុជាបានចេញប្រកាសព័ត៌មានថា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិងលោកជំទាវ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះបរមរាជវាំង ស្ថិតក្នុងឱកាសដែលព្រះអង្គទ្រង់ទទួលបាននូវគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិននាថ្ងៃទី១២ ខែវិច្ឆិកា ។ លោកស្រី Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា និងមន្ត្រីទូតជាច្រើនរូបទៀតមានវត្តមានក្នុងពិធីខាងលើ។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា លោកសូមតំណាងឲ្យមន្ត្រីគ្រប់រូបនៃស្ថានទូតចិនប្រចាំកម្ពុជា ថ្វាយព្រះពរដល់សម្ដេចព្រះមហាក្សត្រីក្នុងឱកាសដែលព្រះអង្គទ្រង់ទទួលបានគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន។ អស់រយៈពេលជាងកន្លះសតវត្សរ៍មកហើយ ដែលព្រះអង្គតែងស្តេចយាងជាមួយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គទាំងទ្វេស្តេចយាងរួមចំណែកក្នុងព្រះរាជកិច្ចជាប្រវត្តិសាស្ត្រ ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា ព្រះអង្គទាំងទ្វេតែងទទួលបានការគោរពនិងស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីប្រជាជនចិនគ្រប់រូប គ្រឿងឥស្សរិយយសដែលព្រះអង្គទទួលបានពិតជាសាកសមជាមួយព្រះកិត្តិនាមដ៏ថ្លៃថ្លារបស់ព្រះអង្គ។ គ្រឿងឥស្សរិយយសនេះ បានបង្កប់នូវមនោសញ្ចេតនាដ៏សែនជ្រាលជ្រៅបំផុតរបស់ប្រជាជនចិន ថ្វាយចំពោះព្រះអង្គនិងជូនចំពោះប្រជាជនកម្ពុជា នឹងត្រូវបានកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រមិត្តភាពចិននិងកម្ពុជាជារៀងរហូត។
សម្ដេចព្រះមហាក្សត្រី បានថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ដែលបានចូលក្រាបថ្វាយបង្គំគាល់និងពាក្យពេចន៍ជូនពរ ព្រះអង្គមានព្រះបន្ទូលថា មិត្តភាពកម្ពុជានិងចិនត្រូវបានកសាងស្ថាបនានិងបីបាច់ថែរក្សាដោយផ្ទាល់និងយកចិត្តទុកដាក់បំផុតដោយសម្តេចព្រះបរមរតនកោដ្ឋនិងថ្នាក់ដឹកនាំចិនជំនាន់មុន ព្រះអង្គមានក្តីសោមនស្សរីករាយជាពន់ពេកដែលបានចូលរួមជាសក្ខីភាពនិងរួមចំណែកដោយផ្ទាល់។ ឯកឧត្តមប្រធានាធិបតីចិន Xi Jinping បានបំពាក់គ្រឿងឥស្សរិយយសមិត្តភាពដោយផ្ទាល់ថ្វាយដល់ព្រះអង្គ ពិតជាមានក្តីរំភើបក្នុងព្រះហឫទ័យជាពន់ពេកនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ។ ព្រះអង្គមានព្រះបន្ទូលបន្តទៀតថា ព្រះកិត្តិយសដ៏ឧត្តុង្គឧត្តមនេះមិនត្រឹមតែជារបស់ព្រះអង្គប៉ុណ្ណោះទេ ក៏ជាកិត្តិយសរបស់ប្រជាជនកម្ពុជាគ្រប់រូបផងដែរ។
មុននឹងឯកឧត្តមឯកអគ្គរដ្ឋទូតចិនចូលក្រាបថ្វាយបង្គំគាល់ លោកក៏បានអញ្ជើញថ្វាយកម្រងផ្កាដល់ព្រះបរមរូបព្រះបរមរតនកោដ្ឋ៕ ដោយ៖បញ្ញាស័ក្តិ