ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមប្រធានបទ “ភាពស្អិតរមួត និង ការឆ្លើយតបនៃអាស៊ាន”ថ្ងៃទី ១២- ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៧ និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្រោមប្រធានបទ ភាពស្អិតរមួត និង ការឆ្លើយតបនៃអាស៊ាន តាមប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ក្រោមប្រធានបទ ភាពស្អិតរមួត និង ការឆ្លើយតបនៃអាស៊ាន, កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងដោយ ផ្តោតការពិភាក្សាទៅលើផលប៉ះពាល់ទៅលើវិស័យសុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងតំបន់ ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺ កូរឹដ-១៩ សង្គម , ការកំណត់ទិសដៅបន្ទាប់ក្នុងការស្តារ និង រក្សាស្ថិរភាព -សេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក និងតំបន់ នៅពេលដែលវិបត្តិនេះ ត្រូវបញ្ចប់ ។ កិច្ចប្រជុំកំពូលនេះ ក៏ជាវេទិកាដ៏សំខាន់ សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ ធ្វើការផ្លាស់ប្តូរយោបល់ និងផ្តល់ជាធាតុចូល ក្នុងការដោះស្រាយលើបញ្ហាសំខាន់ៗ នៅក្នុងតំបន់ និង សកល ព្រមទាំងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើចំពោះគំនិតផ្តួចផ្តើមដែលបានបង្កើតថ្មី និងដែលមានស្រាប់ ក្នុងន័យពើងស្មារតីពហុភាគីនិយម និងការរក្សាបាននូវអព្យាក្រឹត្យភាពរបស់អាស៊ាន ។
នាព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ, នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើក ទី ៣៧ ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម , បានបង្ហាញ ពីគោលជំហររបស់ប្រទេសវៀតណាមក្នុងការពង្រឹង ប្រសិទ្ធភាពស្ថាប័ន, ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូរឹដ-១៩ , ការស្តារ និងងើបឡើង វិញនៃសង្គម-សេដ្ឋកិច្ច និងបានអំពាវនាវឱ្យប្រទេសអាស៊ានទាំងអស់ប្រកាន់ខ្ជាប់នូវការរក្សាបាននូវមជ្យភាព និង សាមគ្គីភាពរបស់អាស៊ាន ព្រមទាំង គល្យភាពរបស់អាស៊ាន នៅចំពោះមុខការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចនៅក្នុងតំបន់ ។
ពាក់ព័ន្ធទៅនឹងជំងឺកូវី២១៩, ឯកឧត្តម តេត្រូ អ៊ែកហានូ ហ្គូប្រេយ៉េសស៊ុស អគ្គនាយកនៃអង្គការសុខភាពពិភពលោក បានធ្វើបទបង្ហាញខ្លីស្តីពីស្ថានភាពជំងឺកូវីដ-១៩ និងបានបញ្ជាក់ថាជំងឺកូវីដ-១៩ មិនទាន់មានភាពថមថយនៅឡើយទេ ដែលនេះទាមទារឱ្យយើងទាំងអស់គ្នាត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្ម ជាមួយគ្នាក្នុងការស្វែងរកនូវយន្តការ និងឧបករណ៍ថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ក៏ដូចជាការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិនៃជំងឺនេះ ។
ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចូលរួមបទអន្តរាគមន៍ ដោយផ្តោតជាសំខាន់ទៅលើការប្តេជ្ញាចិត្តដ៏មុតមាំ និង ការសន្យារបស់កម្ពុជាទៅលើចក្ខុវិស័យរួមគ្នា របស់អាស៊ានក្នុងទិសដៅសម្រេចឱ្យបាននូវសមាហរណកម្មរួម ប្រកបដោយភាពរឹងមាំ និងវិបុលភាព តាមរយៈកិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងប្រកាន់ខ្ជាប់នូវសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងយន្តការពហុភាគីនិយម ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នេះ ក៏បានអនុម័តដាក់ឱ្យដំណើរការនូវរបាយការណ៍ ស្តីពីការត្រួតពិនិត្យវាយតម្លៃឡើងវិញពាក់កណ្តាលអាណត្តិលើផែនការលម្អិតនៃសហគមន៍អាស៊ានឆ្នាំ ២០២៥ ក្របខ័ណ្ឌស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន និង ស្តុកបម្រុង បរិក្ខារពេទ្យតំបន់អាស៊ាន ។
កិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានចាប់ផ្តើមពីថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០ នឹងបន្តកិច្ចពិភាក្សារហូតដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ៕ដោយ៖បញ្ញាស័ក្តិ