ខេត្តកែប៖ ឆ្នេរអង្កោល គឺជាឈ្មោះឆ្នេរទី២នៃខេត្តកែប ជាឆ្នេរដែលមានវែងជាងគេ ប្រវែងជិត៣ពាន់ម៉ែត្រ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ខណៈឆ្នេរកែបដែលភ្ញៀវទេសចរតែងមកលេងរាល់ថ្ងៃ មានប្រវែងត្រឹមតែជាង៤០០ម៉ែត្រតែប៉ុណ្ណោះ។
បើតាមអភិបាលខេត្តកែប ឆ្នេរនេះគឺជាឆ្នេរយុទ្ធសាស្ត្រមួយ របស់រដ្ឋបាលខេត្តកែប ដែលនឹងអភិវឌ្ឍន៍ទីនេះទៅជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត ហើយដាក់ទៅជាឆ្នេរសាធារណ សម្រាប់ភ្ញៀវទេសចរ មកលេងកំសាន្តដោយសេរី។ ទាំងទីតាំងភូមិសាស្ត្រ និងសក្តានុពល ឆ្នេរអង្កោលគឺមានសព្វយ៉ាង មានដើមដូងរាប់រយដើម ដែលអ្នកភូមិបានដាំ បានឈរត្រៀមត្រាជាជួរមានកម្ពស់ខ្ពស់សន្លឹម ដែលជួយបង្កើនសម្រស់នៅប្របមាត់ឆ្នេរ ចំណែកខ្សាច់នៃឆ្នេរនេះ គឺជាខ្សាច់ធម្មជាតិ មានពណ៌ត្នោត គួបផ្សុំជាមួយទឹកសមុទ្រមានពណ៌ថ្លា បានធ្វើអោយឆ្នេរនេះ ប្រៀបបីដូចជាកូនក្រមុំកំពុងឡើងខ្លួន ដែលគ្រាន់តែស្អិតស្អាតបន្តិចនឹងអាចមើលឃើញពីសម្រស់ដ៏ស្រស់ត្រកាលជាក់ជាមិនខាន។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា “ឆ្នេរអង្កោលគឺជាឆ្នេរសក្តានុពលមួយ ហើយក៏ជាឆ្នេរយុទ្ធសាស្ត្រមួយស្ថិតក្នុងផែនការមេរបស់ថ្នាក់ខេត្ត ក្នុងគម្រោងអភិវឌ្ឍន៍បន្ថែមនូវតំបន់អេកូទេសចរណ៍ របស់ខេត្តកែប តែសព្វថ្ងៃឆ្នេរនេះ នៅជួបបញ្ហាចម្បងមួយដែលយើងកំពុងរកវិធីដោះស្រាយគឺ ការពង្រាយដោយស្មៅសមុទ្រ ដែលមកទើរលើមាត់ឆ្នេរនេះ ធ្វើអោយបរិស្ថានទីនោះមើលទៅមិនទាន់មានភាពរៀបរយនៅឡើយ”។
គួបញ្ជាក់ថា ក្រៅពីអភិវឌ្ឍន៍ឆ្នេរអង្កោលអោយក្លាយទៅជាឆ្នេរកំសាន្តសាធារណ រដ្ឋបាលខេត្តកែប ក៏កំពុងដាក់កោះទន្សាយទៅជាកោះ ដែលត្រូវអភិវឌ្ឍន៍ទៅជាតំបន់អេកូទេសចរណ៍ ក្រោមសមុទ្រផងដែរ ដោយនឹងរៀបចំអោយមានការចុះមុជទឹកមើល ផ្កាថ្ម មើលជីវចម្រុះក្រោមសមុទ្រជាដើម។ ទីតាំងទាំងពីរនេះ មានចម្ងាយមិនឆ្ងាយប៉ុន្មានពីគ្នានោះឡើយ បើយើងធ្វើដំណើរតាមទូកអ្នកនេសាទ ប្រើពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ និងអាចទៅដល់ជាក់ជាមិនខាន៕
ដោយ៖CEN