ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបមកឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្តីពីការពង្រឹងវិធានការការពារការរីករាលដាលនៃជំងឺកូវីដ-១៩។
សម្តេចក្រឡាហោម បានលើកឡើងថា ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងសកលលោកនៅតែបន្តរីករាលដាលគួរឲ្យបារម្ភ ។ ដោយឡែកនៅកម្ពុជា ក្រសួងសុខាភិបាលនៅតែបន្ត រកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ ហេតុនេះ ដើម្បីបង្ការទប់ស្កាត់ការផ្ទុះឡើងនូវជំងឺកូដ-១៩ នៅក្នុងសហគមន៍ ចាំបាច់ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់វិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងស្មារតីនេះ ផ្អែកតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃសូមធ្វើការណែនាំ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវបន្តពង្រឹងវិធានការការពារជំងឺកូវីដ-១៩ នៅតាមទីកន្លែងបំពេញ ការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅតាមសហគមន៍មូលដ្ឋាន ដោយយកចិត្តទុកដាក់អនុវត្តកិច្ចការចាំបាច់ មួយចំនួនដូចខាងក្រោម៖
បន្តជំរុញការអប់រំណែនាំ និងផ្សព្វផ្សាយដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបង្កើនការប្រុងប្រយ័ត្នការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល សំដៅការពារ កុំឲ្យមានវីរុសកូវីដ-១៩ ឆ្លងមកលើបុគ្គល និងសហគមន៍មូលដ្ឋាន ដោយគោរពឲ្យបានជាប់ជា ប្រចាំនូវទម្លាប់រស់នៅ ដូចខាងក្រោម៖ សម្អាតដៃនឹងសាប៊ូ ឬអាល់កុល ឬដែលឲ្យបានញឹកញាប់ ពាក់ម៉ាស ឬប្រើក្រមា កន្សែង ក្រដាសខ្ទប់មាត់នៅពេលបរិភោគតែម្ហូបអាហារដែលចំអិនបានល្អ ក្អក ឬកណ្តាស់ ត្រូវពង្រឹងការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីការពារ បង្ការ និងទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាដើម៕ដោយ៖បញ្ញាស័ក្តិ