ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា “នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។ ជាលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់”។
តាមរយៈការផ្សាយព័ត៌មានលើហ្វេសប៊ុកផ្លូវការ Samdech Hun Sen, Cambodian Prime Minister សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនផ្សេងទៀត ដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកា ហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថា នឹងមានលទ្ធផលអវិជ្ជមានទាំងខ្ញុំនិងភរិយា ព្រមទាំងបងប្អូនប្រមាណជាង១០០០នាក់ ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើឱយការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។
ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណ ចំពោះបងប្អូនជនរួមជាតិ ដែលបារម្ភអំពីសុខភាព និងជូនពរដល់ខ្ញុំនិងភរិយា។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសថា ថ្ងៃនេះ ទី១៤ វិច្ឆិកា ក្រសួងសុខាភិបាល បន្តយកសំណាកអ្នកពាក់ព័ន្ធករណីវិជ្ជមានកូវីដ-១៩លើកទី៣ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា នៅទីស្តីការគណៈរដ្ឋមន្ត្រី ៕
ដោយ៖បញ្ញាស័ក្តិ