ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួន ជូននាយករដ្ឋមន្ត្រីឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ។
ការប្រកាសផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួនរបស់សម្តេចនៅពេលនេះ ធ្វើឡើងខណៈលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីប្រទេសឡាវ បានទូរស័ព្ទដោយផ្ទាល់សាកសួរសុខទុក្ខអំពីស្ថានភាពសុខភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថាកម្ពុជាផ្តល់ម៉ាស២លានដល់មិត្តឡាវ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះនាយករដ្ឋមន្ត្រីឡាវ
តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្ត្រមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ទន្ទឹមនេះ ខ្ញុំក៏សូមចាត់តាំងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយខាងលើទៅទីក្រុងវៀងច័ន្ទ នាព្រឹកថ្ងៃច័ន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នឹងនាំយកម៉ាស់ និងបរិក្ខាពេទ្យដែលសម្រាប់បម្រើការងារលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ទាំងអស់ ដឹកតាមយន្តហោះទៅកាន់ប្រទេសឡាវនៅព្រឹកថ្ងៃចន្ទ សប្តាហ៍ក្រោយ។
កិច្ចសន្ទនាពិសេសរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងជាមួយ ជំងឺកូវីដ១៩ផងដែរ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការសាកសួរសុខទុក្ខរបស់នាយករដ្ឋមន្ត្រីឡាវ ខណៈសម្តេចកំពុងធ្វើចត្តាឡីស័ក៕ ដោយ៖បញ្ញាស័ក្តិ