ស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនបុរសអ្នកកាសែតម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនឈើខុសច្បាប់ ដាក់ក្នុងពន្ធនាគារជាបណ្ដោះអាសន្នកាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២០។
គួររំលឹកថា អ្នកកាសែតម្នាក់ ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន ក្នុងពេលចុះបង្ក្រាបរថយន្តកាមរីឆ្លាម ដឹកជញ្ជូនឈើចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅម៉ោងជាង ២រសៀល ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២០។
រថយន្តកាមរីឆ្លាម បានដឹកឈើប្រណីត និងប្រភេទឈើកម្រក្រញូង ពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងបំណងយកលក់នៅស្រុកស្នួល ខេត្តក្រចេះ តាមកំណាត់ផ្លូវជាតិលេខ ៧។ សមត្ថកិច្ចបានដេញស្ទាក់តាំងពីចំណុចដុងក្រឡ រហូតដល់ត្រង់ចំណុចមុខវត្តអូរព្រះ ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ទើបចាប់បាន។
នៅក្នុងពេលចុះបង្ក្រាបឈើនោះ បុរសម្នាក់បើករថយន្តដឹកឈើ បើកប៉ះរថយន្តសមត្ថកិច្ចអស់៣គ្រឿងផង។
កម្លាំងសមត្ថកិច្ចអាវុធហត្ថ ខេត្តស្ទឹងត្រែង សហការជាមួយកងរាជអាវុធហត្ថខេត្តក្រចេះ និងរដ្ឋបាលព្រៃឈើ បង្ក្រាបបាន រថយន្តកាមរីឆ្លាម ពណ៌ស្លែ ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-0225 ។
អ្នកបើកបររថយន្ត ដឹកឈើឈ្មោះ តាន សុភ័ក្ត្រ ជាជំនួយការនិពន្ធនាយក របស់អង្គភាពសារព័ត៌មានមួយក្នុងស្រុក ដែលឈរជើងយកព័ត៌មាន នៅក្នុងខេត្តក្រចេះ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យរួមជាមួយរថយន្តដឹកឈើក្រញូង ត្រូវបានបញ្ជូនមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។
ក្រោយពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កសាងសំណុំរឿង ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ ដល់ដៃតុលាការមក។ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត បានសម្រេចឃុំខ្លួន បុរសកាន់កាតសារព័ត៌មាន ពីបទប្រមូល និងដឹកជញ្ជូនផលអនុផលព្រៃឈើ មានដោយកម្រដោយគ្មានលិខិតអនុញ្ញាតព្រៃឈើ៕ ដោយ៖សុខុម