ភ្នំពេញ៖ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងបញ្ជាក់របស់ពាក់ព័ន្ធនឹងការបារម្ភនានា អំពីមូលដ្ឋានកងទ័ពជើងទឹករាម។
ការឆ្លើយតបរបស់កម្ពុជាទៅនឹងការសម្តែងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកទាក់ទងបនឹងការចោទប្រកាន់ ដែលគ្មានមូលដ្ឋានថា កម្ពុជាមានផែនការធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពជើងទឹក នៅមូលដ្ឋាន កងទ័ពជើងទឹករាមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ ដែលបានធ្វើឡើងតាមប្រពន្ធ័វីដេអូ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម រ៉ូបឺត អូប្រាយអិន ជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានសម្តែងការ ព្រួយបារម្ភ ដូចខាងក្រោម៖
“សហរដ្ឋអាមេរិកក៏មានការព្រួយបារម្ភផងដែរអំពីផែនការរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់កងទ័ពជើងទឹកបរទេស និងបុគ្គលិករបស់គេ នៅឯមូលដ្ឋានកងទ័ពជើងទឹករាមនៅ ឈូងសមុទ្រថៃ។ វត្តមានកងទ័ពជើងទឹកបរទេសនៅកម្ពុជា នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការ នៃការដោះស្រាយវិវាទដោយសន្តិវិធី ការលើកកម្ពស់សុវត្ថិភាពនាវាចរណ៍ និងសេរីភាពនៃ ការធ្វើនាវាចរណ៍និងការហោះហើរនៅក្នុងតំបន់។
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំអាស៊ីបូព៌ាលើកទី ១៥ និងបានឆ្លើយតបទៅនឹងការ ព្រួយបារម្ភដែលគ្មានមូលដ្ឋាន របស់សហរដ្ឋអាមេរិក ដូចខាងក្រោម៖ “ខ្ញុំសូមឆ្លើយតបទៅនឹងការព្រួយបារម្ភ ដែលបានលើកឡើងថា ប្រទេសកម្ពុជាមានផែនការ ឲ្យដាក់បរិក្ខារ និងកម្លាំងយោធាចិន នៅមូលដ្ឋានទ័ពជើងទឹករាម។ ខ្ញុំចាំបាច់ត្រូវតែឆ្លើយតប ពីព្រោះការចោទប្រកាន់ម្តងហើយម្តងទៀត និងការផ្សព្វផ្សាយរឿងដែលគ្មានមូលដ្ឋានបែបនេះ អាចធ្វើឱ្យអន្តរាយដល់ការជឿទុកចិត្តគ្នា និងបង្កអរិភាពរវាងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់។
ដូចដែលខ្ញុំបានបញ្ជាក់រួចមកហើយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ហើយ នាយករដ្ឋមន្ត្រីរបស់ខ្ញុំ ក៏បានធ្វើការបញ្ជាក់ដូចគ្នានេះ ម្តងហើយម្តងទៀតថា កម្ពុជាគ្មាន ហើយថ្ងៃមុខក៏នឹងពុំមានដែរ នូវមូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួន។ ខ្ញុំ សូមបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ឯករាជ្យ និងអព្យាក្រឹត តាមសេចក្តីថ្លែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលហាម ឃាត់ដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេស នៅក្នុងប្រទេសកម្ពុជា។
ក្នុងនាមជាប្រទេសមួយដែលមានអធិបតេយ្យ និងឯករាជ្យ មានបូរណភាពទឹកដីពេញលេញ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស្របច្បាប់ និងមានសិទ្ធិស្មើគ្នាដូចប្រជាជាតិដទៃទៀត ក្នុងតំបន់ក៏ដូចជានៅជុំវិញពិភពលោក ប្រទេសកម្ពុជាមានសិទ្ធិពេញលេញ និងមិនអាចកាត់ផ្តាច់បាន ក្នុងការកែលម្អមូលដ្ឋានកងទ័ពជើងទឹក កំពង់ផែ ឬហេដ្ឋារចនាសម្ព័ន្ធនាវាចរណ៍របស់ខ្លួន ដើម្បីបំពេញសេចក្តីត្រូវការក្នុងពេលបច្ចុប្បន្ន ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស។
គឺដោយហេតុផលនេះ ហើយដែលមជ្ឈមណ្ឌលសមុទ្ររបស់យើង នៅឯមូលដ្ឋានទ័ពជើងទឹករាម ត្រូវបានផ្លាស់ទៅទីតាំងថ្មី ប៉ុន្តែក៏នៅតែស្ថិតក្នុងតំបន់គម្រោងជាមួយគ្នា ។ ផ្ទុយស្រឡះពីការចោទប្រកាន់ដែលថា មជ្ឈមណ្ឌលនេះ ត្រូវបិទចោល នាយករដ្ឋមន្ត្រីរបស់ខ្ញុំបានអញ្ជើញមិត្តភក្តិបរទេស ដែលចាប់អារម្មណ៍ទាំងអស់ ឲ្យចូលរួមធ្វើហិរញ្ញប្បទានទ្រទ្រង់ដល់មជ្ឈមណ្ឌលនេះ។ យើងស្វាគមន៍ចំពោះការផ្តល់ជំនួយ និងការបន្តផ្តល់ជំនួយពីសហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ចិន និងប្រទេសដទៃទៀត ដរាបណាជំនួយនេះ មិនរារាំងយើងក្នុងការអនុវត្តសិទ្ធិអធិបតេយ្យរបស់ខ្លួន៕ដោយ៖បញ្ញាស័ក្តិ