ភ្នំពេញ៖ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១១ តាមប្រព័ន្ធវីដេអូ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបានថ្លែងថា កម្ពុជាក៏បានស្នើឱ្យអង្គការសហប្រជាជាតិផ្តល់ធនធាន , និងជំនាញថែមទៀត ជាពិសេសពាក់ ព័ន្ធនឹងការចែករំលែកឧត្តម្មានុវត្តន៍ និងមេរៀនកន្លងមក សម្រាប់ប្រតិបត្តិការថែរក្សាសន្តិភាព។
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -អង្គការសហប្រជាជាតិលើក ទី១១ ដែលបានប្រព្រឹត្តទៅស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។
លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលនេះមានដូចខាងក្រោម៖
កិច្ចប្រជុំបានសាទរកិច្ចសហប្រតិបត្តិការប្រកបដោយខ្លឹមសាររវាងអាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងនាមជាដៃគូដែលជឿទុកចិត្តគ្នា ក្នុងការជំរុញពហុភាគីនិយម សន្តិភាព សន្តិសុខ និងវិបុលភាពតំបន់ និងសកល។ អាស៊ានបានស្វាគមន៍ការបន្តគាំទ្ររបស់អង្គការសហប្រជាជាតិដល់ការកសាង សហគមន៍អាស៊ាន មជ្ឈភាពអាស៊ាន និងការអភិវឌ្ឍ។
កិច្ចប្រជុំបានពិភាក្សាជាសំខាន់លើមធ្យោបាយនានាដែលអាស៊ាន និងអង្គការសហប្រជាជាតិ អាចធ្វើការរួមគ្នា ដើម្បីដោះស្រាយផលប៉ះពាល់ទាំងឡាយដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងដើម្បីសម្រេចប្រកបដោយប្រសិទ្ធភាពនូវការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាត នេះ។ ថ្នាក់ដឹកនាំអាស៊ាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិបានគូសបញ្ជាក់អំពីសារសំខាន់ នៃការធានាឱ្យវ៉ាក់សាំងបង្ការជំងឺរាតត្បាកូវីដ-១៩ ជាទំនិញសកល ដែលអាចទទួលបានដោយស្មើភាព និងមានតម្លៃសមរម្យដល់ប្រទេសទាំងអស់។ កិច្ចប្រជុំបានទទួលស្គាល់តួនាទីដែលពុំអាចខ្វះបាន របស់អង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក (WHO) ក្នុងការជួយប្រទេសទាំង អស់នៅក្នុងពិភពលោក ដើម្បីអភិវឌ្ឍវិធានការទាំងឡាយ ដើម្បីដោះស្រាយវិបត្តិជំងឺរាតត្បាតនាពេល បច្ចុប្បន្ន និងអនាគត ដោយផ្អែកលើទិន្នន័យ និងការវិភាគបែបវិទ្យាសាស្ត្រ។
កិច្ចប្រជុំបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាដ៏មុតមាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈអនុវត្តផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ (២០២១-២០២៥)។ កិច្ចប្រជុំសង្កត់លើសារសំខាន់នៃការបន្តការបំពេញឱ្យគ្នាទៅវិញទៅមករវាងទស្សនវិស័យអាស៊ានឆ្នាំ២០២៥ និងរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ ដឹកនាំទាំងអស់បានពិភាក្សាផងដែរលើកិច្ចសហប្រតិបត្តិការផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ ការកែលម្អ ប្រព័ន្ធសុខាភិបាល ការមិនរីកសាយអាវុធនុយក្លេអ៊ែរ ភេរវកម្ម និងអំពើហឹង្សាជ្រុលនិយម។
កម្ពុជាបានអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៥ របស់អង្គការសហប្រជាជាតិ និងបាន សម្តែងការគាំទ្រចំពោះមូលបទរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២០នេះ អនាគតដែលយើង ទាំងអស់គ្នាចង់បាន អង្គការសហប្រជាជាតិដែលយើងត្រូវការ ៖ គូសបញ្ជាក់កិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម” ដែលឆ្លុះបញ្ចាំងអំពីបំណងប្រាថ្នាយ៉ាងមុតមាំរបស់បណ្តាប្រជាជាតិនានានៅទូទាំងពិភពលោក ក្នុងការការពារសន្តិភាព និងវិបុលភាព តាមរយៈការប្តេជ្ញារួមចំពោះពហុភាគីនិយម។ កម្ពុជាបាន អំពាវនាវឱ្យមានការយកចិត្តទុកដាក់ថែមទៀត ចំពោះកិច្ចសហប្រតិបត្តិការឆ្លងវិស័យនិងការគាំទ្រ សន្ទុះដ៏រឹងមាំដើម្បីឆ្ពោះទៅសម្រេចបាននូវសមាហរណកម្មតំបន់ តាមរយៈការអនុវត្តផែនការការងារ គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ានទី៤ (២០២១-២០២៥) ក្នុងចំណោមផែនការការងារផ្សេងៗទៀត។
កម្ពុជាក៏បានស្នើឱ្យអង្គការសហប្រជាជាតិផ្តល់ធនធាន , និងជំនាញថែមទៀត ជាពិសេសពាក់ ព័ន្ធនឹងការចែករំលែកឧត្តម្មានុវត្តន៍ និងមេរៀនកន្លងមក សម្រាប់ប្រតិបត្តិការថែរក្សាសន្តិភាព ដូចជា តាមរយៈការបណ្តុះបណ្តាលជាប់ជាប្រចាំ នៅមុន និងនៅក្រោយពេលបំពេញបេសកកម្ម ដើម្បីធ្វើយ៉ាង ណាឱ្យប្រតិបត្តិករថែរក្សាសន្តិភាពអាចអនុវត្ត និងបំពេញបេសកម្ម នៅក្នុងអាណត្តិរបស់ខ្លួនបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព៕ដោយ៖បញ្ញាស័ក្តិ