ភ្នំពេញ៖ លោក ថងលួន ស៉ីសូលីត នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើលិខិតផ្លូវការមួយ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់ជំនួយសប្បុរធម៌ នូវម៉ាសចំនួន២លាន និងបរិក្ខាពេទ្យសំខាន់ជាច្រើនទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លិខិតថ្លែងអំណរគុណរបស់ នាយករដ្ឋមន្ដ្រីឡាវ បានបញ្ជាក់ថា នេះជាកាយវិការឆ្លុះបញ្ចាំងអំពី ចំណងមិត្ដភាពដ៏ជិតស្និទ្ធ និងជាប្រពៃណី ពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាអ្នកជិតខាងល្អ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរដែលកាន់តែស៉ីជម្រៅ និងប្រកបដោយផ្លែផ្លា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ “ខ្ញុំមានកិត្តិយសដែលបានទទួលលិខិតរបស់ សម្តេច ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អំពីការផ្តល់ ជំនួយសប្បុរសធម៌ រួមមានម៉ាសចំនួន ២ លាន បរិក្ខារពេទ្យសំខាន់ៗនិងចាំបាច់ដទៃទៀត ដល់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ តាងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ក៏ដូចជាក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាង ជ្រាលជ្រៅ និងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការឧបត្ថម្ភគាំទ្រដ៏មានតម្លៃ ដែលសម្តេច ក៏ដូចជា រដ្ឋាភិបាល និងប្រជាជនកម្ពុជា ផ្តល់ឲ្យក្នុងគ្រាដ៏លំបាកនេះ ដែលប្រទេសយើងទាំងពីរកំពុងជួបប្រទះ។ យើងខ្ញុំសូមសម្តែងនូវការដឹងគុណ និងក្តីរំភើបជាអតិបរមាចំពោះរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណា ចក្រកម្ពុជា ដែលបានផ្តល់ជំនួយដល់ប្រទេសឡាវ បើទោះជា កំពុងទទួលរងនូវផលប៉ះពាល់ដោយជំងឺ កូរ៉ូណាវីរុសយ៉ាងណាក៏ដោយ។ កាយវិការនេះជាការឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធនិងជា ប្រពៃណី ពីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាអ្នកជិតខាងល្អ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសយើងទាំងពីរដែលកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខ្ញុំសូមធានាអះអាងចំពោះ សម្តេចថា ជំនួយដែលទទួលបាននឹងត្រូវប្រើប្រាស់ឲ្យមានប្រសិទ្ធភាពបំផុត សំដៅការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះនៅក្នុងប្រទេសឡាវ។ ទន្ទឹមនឹងនេះ ខ្ញុំ ជឿជាក់ថា រដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជានឹងអាចធ្វើការទប់ស្កាត់ និងទទួលបានជ័យ ជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាថ្មីម្តងទៀត ខ្ញុំសូមឆ្លៀតយកឱកាសនេះ សូមគោរពជូនពរ សម្តេច សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យកាន់តែច្រើនថែមទៀតនៅក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមរបស់សម្តេច។
សូមសម្តេច ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ”។
នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអមដំណើរដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ព្រមទាំងមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បាននាំនូវអំណោយ របស់រាជរដ្ឋាភិបាលដែលមាន ម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ត្រូវបានប្រគល់ជូន ឯកឧត្តម ថនលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរួចហើយ ដើម្បីចូលរួមជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា កម្ពុជា និងឡាវមានចំណងមិត្តភាព ជាបងប្អូនដ៏យូរអង្វែង ដែលថ្នាក់ដឹកនាំគ្រប់កម្រិតនៃប្រទេសទាំងពីរកំពុងបន្តពូនជ្រុំ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតជារៀងរាល់ថ្ងៃ។ ប្រជាជនយើងទាំងពីរបានកៀកស្មាគ្នា តស៊ូប្រយុទ្ធប្រឆាំងនឹងរបបអាណានិគមនិយម និងចក្រពត្តិនិយម ដើម្បីទទួលបានឯករាជ្យ អធិបតេយ្យភាពជាតិ សេរីភាព និងសិទ្ធិស្វ័យសម្រេចរៀងៗខ្លួន។ បច្ចុប្បន្ន កម្ពុជា និងឡាវក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងផលប្រយោជន៍ទៅ វិញទៅមកនៃប្រជាជាតិយើងទាំងពីរ។ សម្តេចពិជ័យសេនា បានជឿជាក់ថា ទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការវាងប្រជាជាតិយើង នឹងកាន់តែមានភាពស៊ីជម្រៅ រីកចម្រើនរឹងមាំ នាំមកនូវភាពសុខដុម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមជានិរន្តរ៍ ដល់ប្រជាជនយើងទាំងពីរ ដែលនឹងរួមចំណែកផងដែរដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
ការចូលរួមវិភាគទានថ្ងៃនេះ ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ គឺជាកាយវិការបង្ហាញនូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាព របស់ប្រជាជនកម្ពុជាជាមួយប្រជាជនឡាវ នៅក្នុងកាលៈទេសៈដែលពិភពលោក ទាំងមូលកំពុងជួបនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក លើសុវត្ថិភាពនៃសុខភាព និងសន្តិសុខមនុស្សជាតិ។
អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវរួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ២០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូផងដែរ៕ ដោយ៖បញ្ញាស័ក្តិ