ភ្នំពេញ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា របាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ មិនមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាន និងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ។
លោក ជិន ម៉ាលីនបញ្ជាក់បែបនេះ បានធ្វើឡើងក្រោយ លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស បានសម្តែងនូវការព្រួយបារម្ភអំពីការវាយប្រហារទៅលើអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោក ជិន ម៉ាលីនបញ្ជាក់៤ចំណុច អំពីកង្វល់និងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអំពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា៖
១. របាយការណ៍នេះ មិនមានមូលដ្ឋានគ្រប់គ្រាន់និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាននិងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ ព្រោះថាការសន្និដ្ឋានរបស់គេ គឺផ្តោតជាសំខាន់តែទៅលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពែលដែលសមត្ថកិច្ចអនុវត្តច្បាប់ចំពោះសកម្មជននិងក្រុមគោលដៅដែលគេការពារ គេសន្និដ្ឋានថាជាការរំលោភសិទ្ធិមនុស្ស តែគេមិនខ្ចីខ្វល់និងធ្វើការវិភាគវែកញែកពីទង្វើនិងសកម្មភាពរបស់ក្រុមគោលដៅទាំងនោះឡើយ ថាតើវាជាសកម្មភាពការពារសិទ្ធិមនស្សឬជាការប្រព្រឹត្តបទល្មើស ហើយវាមានមូលដ្ឋាននិងធាតុផ្សំគ្រប់គ្រាន់បង្កើតបានជាបទល្មើសតាមបញ្ញត្តិច្បាប់របស់កម្ពុជាដែឬអត់ ហើយពួកគេបានធ្វើអ្វីខ្លះបានជានាំឱ្យមានការប្រឈមមុខតាមផ្លូវច្បាប់យ៉ាងដូច្នេះ។
២. រដ្ឋាភិបាលនិងសមត្ថកិច្ច មិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ ដែលបានដំណើរការនីតិវិធីតាមផ្លូវតុលាការផ្អែកលើគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ។
៣. ការស៊ីឈ្នួលជួបជុំតវ៉ា និងអនុវត្តតាមផែនការខុសច្បាប់របស់អង្គការចលនាចាត់តាំងក្រៅច្បាប់ ក្នុងចេតនាទុច្ចរិតបង្កភាពចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាសកម្មភាពការពារសិទ្ធិមនុស្សនោះទេ ហើយអ្នកដែលអនុវត្តនូវសកម្មភាពនិងផែនការទាំងនោះ ក៏មិនមែនជាអ្នកការពារសិទ្ធិមនុស្សនោះដែរ តែផ្ទុយទៅវិញ វាជាអំពើល្មើសទៅនឹងច្បាប់ ហើយដែលអ្នកប្រព្រឹត្តអំពើល្មើសច្បាប់ទាំងនោះក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមានផងដែរ។
៤. រដ្ឋាភិបាល លើកទឹកចិត្តឱ្យពលរដ្ឋចូលរួមការពារ គោរព និងលើកស្ទួយសិទ្ធិមនុស្សលើគ្រប់វិស័យ ដែលស្ថិតក្នុងក្របខណ្ឌច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងមូល និងក៏ប្រកាន់ភ្ជាប់ផងដែរនូវវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ចំពោះក្រុមដែលមានផែនការនិងចេតនាទុច្ចរិត បង្កនូវភាពចលាចល និងអសន្តិសុខក្នុងសង្គម ក្រោមរូបភាពនិងលេសសិទ្ធិមនុស្ស ក្នុងគោលដៅការពារសិទ្ធិសេរីភាពអ្នកដ៏ទៃ និងថែរក្សានូវសន្តិសុខ ស្ថេរភាពសង្គម និងសណ្តាប់ឆ្នាប់សាធារណៈ។
លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស បានសម្តែងកង្វល់អំពីការរឹតបន្តឹងលើសង្គមស៊ីវិលនៅកម្ពុជា ហើយបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនជាលក្ខណៈប្រព័ន្ធ និងការផ្តន្ទាទោសព្រហ្មទណ្ឌដល់អ្នកការពារសិទ្ធិមនុស្ស ក៏ដូចជា ការប្រើប្រាស់កម្លាំងហួសប្រមាណប្រឆាំងនឹងពួកគេ។
លោកស្រី Mary Lawlor បានមានប្រសាសន៍ថា “ខ្ញុំមានការព្រួយកង្វល់ចំពោះរបាយការណ៍ដែលអាចជឿទុកចិត្តបានថា អ្នកការពារសិទ្ធិមនុស្ស យ៉ាងហោចណាស់ចំនួន ២១ នាក់ ត្រូវបានទទួលរងនូវការគំរាមកំហែង ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពាន ក្នុងរយៈពេលបីខែកន្លងមកនេះ”៕ ដោយ៖បញ្ញាស័ក្តិ