ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មាន ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឆ្លើយតបទៅលោកស្រី សាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ដែលបានចេញរបាយការណ៍ទាក់ទងនឹងស្ថានភាពសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា ដោយលោកស្រី មិនបានផ្ទៀងផ្ទាត់ព័ត៌មានដែលទទួលបាន ជាមួយប្រភពរដ្ឋាភិបាលទេ។ បើពិនិត្យមើលឱ្យកាន់តែច្បាស់ សេចក្តីថ្លែងការណ៍របស់លោកស្រី មានភាពលំអៀង ជ្រើសរើសតែមួយជ្រុង និងធ្វើឱ្យមានការខូចខាត។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានថា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ទទូច ថា “ការវាយតម្លៃលើប្រទេសកម្ពុជា ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ពិត រួមជាមួយនឹងប្រភពព័ត៌មានផ្ទៀងផ្ទាត់ត្រឹមត្រូវ និងទស្សនៈវិស័យរួម” ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ មានការខកចិត្តចំពោះទស្សនៈផ្ទាល់ខ្លួនរបស់ លោកស្រី សាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ចេញផ្សាយនៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទាក់ទងនឹងស្ថានភាពសង្គមស៊ីវិលនិងអ្នកការពារសិទ្ធិមនុស្ស នៅ ប្រទេសកម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមគូសបញ្ជាក់ថា ការវាយតម្លៃលើប្រទេសមួយ អាចជឿជាក់បាន លុះត្រាតែផ្អែកលើបរិបទច្បាប់និងហេតុការណ៍ពិតនៅនឹងកន្លែង ជាមួយនឹងប្រភពព័ត៌មានដែលមាន ការផ្ទៀងផ្ទាត់ និងទស្សនៈវិស័យរួម។ វិធីសាស្ត្រនេះមានលក្ខណៈស្របទៅនឹងក្រមសីលធម៌សម្រាប់ អ្នកទទួលអាណត្តិនីតិវិធីពិសេស ជាពិសេស មាត្រា ៣ ៤ ៥ និង៦) និងសៀវភៅណែនាំប្រតិបត្តិការ នីតិវិធីពិសេស (ជាពិសេស កថាខណ្ឌ ២៤ និង៥០) ដែលរៀបរាប់លម្អិតអំពីគោលការណ៍ទូទៅនៃ ការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈនិងមិនលំអៀង សារសំខាន់នៃការប្រមូលព័ត៌មានដោយមានការ ផ្ទៀងផ្ទាត់ត្រឹមត្រូវ និងការគោរពឱ្យបានពេញលេញនូវច្បាប់និងបទប្បញ្ញត្តិរបស់ប្រទេស។
ជាការគួរឱ្យសោកស្តាយយ៉ាងខ្លាំង ដែលលោកស្រីសាស្ត្រាចារ្យ Lawlor ពុំបានគោរពឱ្យបានម៉ត់ចត់ នៅក្នុងផ្នែកជាច្រើននៃនីតិវិធីដែលបានរៀបរាប់ខាងលើ ដែលជាហេតុធ្វើឱ្យយើងត្រូវចោទសួរលើភាព គួរឱ្យទុកចិត្តបានចំពោះទស្សនៈរបស់លោកស្រីមកលើកម្ពុជា ហើយដែលស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមលើកយកចំណុចមួយចំនួនខ្លះប៉ុណ្ណោះ មកបង្ហាញជូន ដូចខាងក្រោម ៖
ទី១៖ លោកស្រីមិនបានផ្ទៀងផ្ទាត់ព័ត៌មានដែលទទួលបាន ជាមួយប្រភពរដ្ឋាភិបាលទេ។ បើពិនិត្យមើលឱ្យកាន់តែច្បាស់ សេចក្តីថ្លែងការណ៍របស់លោកស្រីមានភាពលំអៀង ជ្រើសរើសតែមួយជ្រុង និងធ្វើឱ្យមានការខូចខាត។ ស្ថានបេសកកម្មកម្ពុជាបានបំភ្លឺនូវហេតុការណ៍ពិតនៃ សភាពការណ៍អស់ទាំងនោះ ជូនដល់នីតិវិធីពិសេស ជាច្រើនលើកច្រើនសារ និងបានឆ្លើយតបយ៉ាងលម្អិតទៅនឹងការសាកសួរជាលាយលក្ខណ៍អក្សរផងដែរ។ ក៏ប៉ុន្តែ ព័ត៌មានផ្លូវការបែប នេះត្រូវបានបដិសេធ និងមិនបានឆ្លុះបញ្ចាំងនៅក្នុងការវាយតម្លៃរបស់លោកស្រីនោះទេ។
ទីពីរ៖ លោកស្រី សាស្ត្រាចារ្យ Lawlor ពុំដែលបាននិយាយទាល់តែសោះថា ការអនុវត្តសេរីភាព នៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណី កិច្ច ការទទួលខុសត្រូវ និងការរឹតត្បិតពិសេសដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុង មាត្រា២៩ (២) នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងមាត្រា១៩ (៣) មាត្រា២១ និង មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិងនយោបាយ។ វាជាកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នា រួមទាំងអ្នកដែលគេហៅថា “អ្នកការពារសិទ្ធិមនុស្ស ដែរ ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ នៅក្នុងព្រំដែននៃច្បាប់។ ” ផង
ទីបំផុត មើលទៅហាក់ដូចជា លោកស្រី សាស្ត្រាចារ្យ ពុំត្រូវបានគេជូនព័ត៌មានឱ្យបានពេញ លេញអំពីការអនុវត្តសិទ្ធនិងសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ដែលត្រូវឱ្យស្របទៅតាមច្បាប់ ដូចមានចែងក្នុងមាត្រា៣១នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ ការប្រមូលផ្ដុំដោយសន្តិវិធីដែល សហការជាមួយអាជ្ញាធរ និងប្រកាន់ខ្ជាប់នូវវិធានការសន្តិសុខនិងសុវត្ថិភាព គឺជាការអនុវត្ត សេរីភាព ដែលស្របតាមរដ្ឋធម្មនុញ្ញ និងស្របតាមច្បាប់។ ផ្ទុយទៅវិញ ការប្រមូលផ្ដុំ ក្នុង គោលបំណងដាក់សម្ពាធលើប្រព័ន្ធតុលាការ គឺជាបទល្មើសដែលមានចែងក្នុងមាត្រា៥២២ នៃ ក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមរំលឹកអ្នករាយការណ៍ពិសេសថា ការចូលរួមជាមួយគណបក្សនយោបាយ ឬ អង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គលម្នាក់ បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ បទល្មើសដែលមានចែងក្នុងច្បាប់ គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់នោះ ជាទឡ្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយនោះទេ។
ជាទីបញ្ចប់ រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្ត បន្តធានាការអនុវត្តសិទ្ធិនិងសេរីភាពទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុងក្របខ័ណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍របស់ពលរដ្ឋទាំងអស់ដែលគោរពច្បាប់ មិនមែនសម្រាប់តែក្រុមជាក់លាក់ណាមួយនោះឡើយ៕ ដោយ៖បញ្ញាស័ក្តិ