ភ្នំពេញ៖ គណបក្សចំនួន៣ ក្នុងនោះ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ , គណបក្សខ្មែរតែមួយ និងគណបក្សខ្មែររួបរួមជាតិ បានរួមគ្នាបង្កើត «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ» ដើម្បីចូលរួមជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។
សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ មានលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិជាអនុប្រធាន និង លោក កែម រឹទ្ធិសិត ជាសមាជិក រួមទាំងសមាសភាពអ្នកនយោបាយមួយចំនួនទៀត។
លោក ម៉ម សូណង់ដូ បានឱ្យដឹងថា គណបក្សទាំង៣មានគោលបំណងដូចគ្នា និងមានគោលនយោបាយប្រហាក់ប្រហែលគ្នា ដោយកន្លងទៅ មានគណបក្សនយោបាយមួយចំនួន បានធ្វើនយោបាយលេខដក ដែលលោកចង់សំដៅថាជាការបែកបាក់ជាបន្តបន្ទាប់ ដូច្នេះការរៀបចំសម្ព័ន្ធអ្នកប្រជាធិបតេយ្យ គឺលោកចង់ធ្វើលេខបូកដោយធ្វើការបង្រួបបង្រួមសំឡេងអ្នកប្រជាធិបតេយ្យឡើងវិញ។
លោកបានថ្លែងថា មិនចង់ស្វែងរកតួនាទីទេ ប៉ុន្តែចង់ដោះស្រាយបញ្ហាសង្គមឱ្យមានភាពយុត្តិធម៌ ដើម្បីធ្វើលេខបូក បើសិនជាយើងមិនមានភាពយុត្តិធម៌ក្នុងសង្គមទេ យើងពិបាកនឹងគ្រប់គ្រងការអភិវឌ្ឍ ហើយសន្តិភាពនេះ ក៏ពិបាកគ្រប់គ្រងដែរ។ យើងគណបក្សទាំង៣ស្ម័គ្រចិត្តបង្កើត “សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ”ហ្នឹង ក្នុងន័យស្ថាបនា ក្នុងន័យបង្រួបបង្រួមជាតិ ក្នុងន័យយកច្បាប់ជាធំនីតិរដ្ឋ ជាពិសេសយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្ន។
លោក ម៉ម សូណង់ដូ អះអាងថា នឹងដើរតួជាភ្នែកជាច្រមុះ ពិនិត្យ និងស្រាវជ្រាវអំពីករណីអយុត្តិធម៌ចំពោះប្រជាពលរដ្ឋ ហើយផ្តល់ព័ត៌មានទៅដល់រាជរដ្ឋាភិបាល តាមមធ្យោបាយផ្សេងៗ៕
ដោយ៖បញ្ញាស័ក្តិ