Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ដាក់ចេញ​សារាចរ​ណែនាំ​ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដាក់ចេញ​សរាចរ​ណែនាំ​ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​។​

​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និន្នាការ​នៃ​ការផលិត ចរាចរ ដឹកជញ្ជូន​គ្រឿងញៀន លើ​សកលលោក​បន្ត​មាន​កំណើន​ឥតឈប់ឈរ ជាពិសេស​ការផលិត​អាភៀន​មួយ​ភាគ​ធំ​ត្រូវបាន​ប្តូរ​មក ផលិត​គ្រឿងញៀន​សំយោគ ដែល​ប្រភេទ​សារធាតុ​ញៀន​ទាំងនេះ​ងាយស្រួល​ក្នុង​ការផលិត កែច្នៃ ងាយ​រក សារធាតុ​គីមី​ផ្សំ និង​ឧបករណ៍​ផលិត ព្រមទាំង​មិន​រើស​ភូមិសាស្ត្រ ឬ​ទីតាំង​ផលិត​។ ការប្រែប្រួល​នេះ បាន​ក្លាយជា​កត្តា​ជំរុញ​ធ្វើឱ្យ​ទីផ្សារ​គ្រឿងញៀន​សំយោគ​រីក​កាន់តែ​ធំ​ទាំង​ក្នុង និង​ក្រៅ​តំបន់ ដែល​ក្នុងនោះ ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន និង​កំពុង​ទទួលរង​គ្រោះ​ដោយសារ​ឥទ្ធិពល​នៃ​បទឧក្រិដ្ឋ​ដែលមាន​លក្ខណៈ ជា​សកល​នេះដែរ​។​

​តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល ចំនួន ៥​លើក​ជា​បន្តបន្ទាប់ បណ្តា​កងកម្លាំង​អនុវត្ត​ច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​សហការគ្នា​បង្កើត​បានជា​ចលនា​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​យ៉ាង​សស្រាក់សស្រាំ និង​ទទួល បាន​លទ្ធផល​ជា​វិជ្ជមាន​។ ប៉ុន្តែ​ប្រការ​ដែល​ត្រូវបាន​កត់សម្គាល់ឃើញ​នោះ​គឺ សកម្មភាព​លបលួច​នាំ​ចូល ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់ ការ​លួចលាក់​កែច្នៃ​សារធាតុ​ញៀន​នៅតែ​កើតមាន​ឡើងជា​បន្តបន្ទាប់ និង​មាន​រូបភាព​កាន់តែ​ធំ ហើយ​ការជួញដូរ និង​ការប្រើប្រាស់​សារធាតុ​ញៀន​បាន និង​កំពុង​រីក​រាលដាល ដល់​តំបន់​ជនបទ​មួយចំនួន​។​

​ឆ្លើយតប​ទៅនឹង​សភាពការណ៍​ខាងលើ និង​ក្នុង​គោលបំណង​ធានា​ប្រសិទ្ធភាព​អនុវត្ត​កម្មវិធី នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល ទី​៤ ក៏ដូចជា​ការបញ្ចៀស​ឱ្យបាន​នូវ​ហានិភ័យ ដែល​បណ្តាលមកពី​គ្រឿងញៀន ព្រមទាំង​ដោះស្រាយ​នូវ​ការព្រួយបារម្ភ និង​ការពារ​សុខុមាលភាព ជូន​ប្រជាពលរដ្ឋ ធានាបាន​នូវ​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម រាជរដ្ឋាភិបាល សូម​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង -​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម ៖

១.​បន្ត​ខិតខំ​ចាត់តាំង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​តាម​បទបញ្ជា​លេខ ០១​ប​. ប ចុះ​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល ស្តីពី​ការពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

២.​បង្កើន​សកម្មភាព​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៥ ឱ្យបាន​សកម្មភាព​ផុលផុស និង​ត្រូវ​បន្ត​កសាង​ផែនការ​យុទ្ធនាការ​ជា​បន្តបន្ទាប់​ប្រកបដោយ​និរន្តរភាព​។​

៣.​លើកកម្ពស់​ស្មារតី​ផ្សព្វផ្សាយ អប់រំ​ឱ្យបាន​ទូលំទូលាយ ស៊ីជម្រៅ ចំ​គោលដៅ និង​មុខសញ្ញា​គ្រប់​ទីកន្លែង ទាំង​ក្នុង​សហគមន៍ ទាំង​ក្នុង​ស្ថាប័នរដ្ឋ ឯកជន និង​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ ដោយ​ត្រូវអនុវត្ត​ផ្សារភ្ជាប់​ជាមួយ​ខ្លឹម​សារទិស​ស្លោក “​បី​កុំ ឬ​រាយការណ៍​” គឺ : កុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំ​លើកលែង និង​ត្រូវរាយការណ៍ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់ ករណី​បទល្មើស​គ្រឿងញៀន​។

៤. យកចិត្តទុកដាក់​ធាត់​វិធានការ​ក្នុងការ​បង្ការ ទប់ស្កាត់​ការនាំ​ចូល ការដឹកជញ្ជូន​ឆ្លងកាត់​ការ​លួចលាក់​កែច្នៃ​-​ផលិត​សារធាតុ​ញៀន និង​ការជួញដូរ​-​ប្រើប្រាស់​សារធាតុ​ញៀន ជាពិសេស​នៅតាម​គោលដៅ​នានា ដោយ​ត្រូវ ៖ – បន្ត​ពង្រឹង​ការគ្រប់គ្រង ត្រួតពិនិត្យ​ការឆ្លងកាត់​ព្រំដែន និង​ការដឹកជញ្ជូន​ទំនិញ​គ្រប់ ប្រភេទ រួមទាំង​បរ​ថ្មី​ប្រៃសណីយ៍ ឱ្យបាន​ហ្មត់ចត់ និង​ម៉ឺងម៉ាត់ ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការ​នាំចូល​គ្រឿងញៀន​ខុសច្បាប់ – ជំរុញ​ការស្រាវជ្រាវ ស៊ើបអង្កេត​រក​ខ្សែរយៈ​បណ្តាញ​មេក្លោង​ជួញដូ​វ​សារធាតុ​ញៀន និង​ធ្វើការ​បង្ក្រាប​ឱ្យដល់​ឬ​សគល់ ព្រមទាំង​បន្ត​ពន្លាត​នីតិវិធី​ឈានដល់​ការបង្ក្រាប​បទល្មើស សម្អាត​ប្រាក់ ដែលជា​ផល​នៃ​បទល្មើស​គ្រឿងញៀន ដោយ​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ​- អនុវត្ត​ព្រមៗ​គ្នា​រវាង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ធ្វើការ​បង្ក្រាប​ដូច​ភ្លៀងរលឹម សំដៅ​លុបបំបាត់​ការ​លួចលាក់​កែច្នៃ ការជួញដូរ ប្រើប្រាស់​សារធាតុ​ញៀន ជាពិសេស នៅតាម​គោលដៅ​ដែល​ងាយ​កើតមាន​បទល្មើស​គ្រឿងញៀន​។​

៥. ត្រូវ​ពង្រឹង​វិធានការ​គ្រប់គ្រង ត្រួតពិនិត្យ​ការនាំ​ចូល និង​ការប្រើប្រាស់​សារធាតុ​គីមី​ផ្សំ ដោយ អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ទៅតាម​វិធាន​បច្ចេកទេស និង​ត្រូវ​ដក​ពិសោធន៍ ធ្វើ​បច្ចុប្បន្នភាព ជាប្រចាំ សំដៅ​បង្ការ​មិនឱ្យ​សារធាតុ​គីមី​ផ្សំ​ធ្លាក់​ក្នុង​ដៃ​ឧក្រិដ្ឋជន​យកទៅ​កែច្នៃ​ធ្វើជា​សារធាតុ​ញៀន​ជាដាច់ខាត​។​

៦. លើកកម្ពស់​គុណភាព​ក្នុងការ​អនុវត្ត​វិធានការ​ព្យាបាល ស្តារនីតិសម្បទា និង​សមាហរណកម្ម ដោយ​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព​លើកកម្ពស់​សមត្ថភាព​ព្យាបាល ស្តារនីតិសម្បទា និង​រៀបចំ​បន្ថែម​នូវ​មណ្ឌល​បណ្តោះអាសន្ន​នៅតាម​រាជធានី ខេត្ត ស្របតាម​ភូមិសាស្ត្រ និង​សំណូមពរ ជាក់ស្តែង​។​

៧.​លើកកម្ពស់​គុណភាព សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ ប្រតិបត្តិការ និង​ចំណេះដឹង​ផ្នែក​ច្បាប់​។ ទន្ទឹមនេះ ត្រូវ​ពង្រឹង​ការអនុវត្ត​វិន័យ សីលធម៌ មនសិការ​វិជ្ជាជីវៈ​ដ​ល់​កងកម្លាំង​អនុវត្ត​ច្បាប់​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឱ្យបាន​ល្អប្រសើរ ព្រមទាំង​បន្ត​ការគាំទ្រ សរសើ​ជូន​រង្វាន់​លើកទឹកចិត្ត​ដល់​អង្គភាព និង​មន្ត្រី​ដែលមាន​ស្នាដៃ​។​

​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​ក្នុងការ​ដឹកនាំ ចាត់តាំង​អនុវត្ត​សារាចរ​ណែនាំ​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​