ភ្នំពេញ៖លោកជិន ម៉ាលីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌បានសរសេរសារ នៅលើផេកហ្វេសប៊ុកនៅថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2020 នេះថា ៣ចំណុច ប្រៀបធៀបអំពីទិដ្ឋភាពច្បាប់និងការអនុវត្តសិទ្ធិសេរីភាព តាមបែបប្រជាធិបតេយ្យនៅអាមេរិកនិងកម្ពុជា។
លោកអ្នកនាំពាក្យបានបញ្ជាក់ទៀតថា ជាគោលការណ៍ច្បាប់ទាំងនៅអាមេរិកនិងកម្ពុជា បុគ្គលគ្រប់រូបមានសិទ្ធិតាមដាននិងឃ្លាំមើលដំណើរការនីតិវិធីតុលាការនិងដំណើរការប្រព្រឹត្តទៅនៃសវនាការដែលធ្វើជាសាធារណៈ តែមិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលជាការជ្រៀតជ្រែក និងដាក់សម្ពាធដល់តុលាការដែលជាស្ថាប័នឯករាជ្យនោះទេ
លោកជិនម៉ាលីនបានលើកឡើងទៀតថា ក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ ទាំងនៅអាមេរិកនិងកម្ពុជា ជាកត្តាសត្យានុម័ត តែកាលណាមានអំពើល្មើសច្បា់ប់និងបទល្មើសកើនឡើង សំណុំរឿងបញ្ជូនទៅតុលាការ ក៏វាកើនឡើងទៅតាមនោះដែរ ដែលនាំឱ្យមានលំហូរនិងដំណើរការនីតិវិធីតុលាការជាប់ជាប្រចាំ ដូចជាការចេញដីការ និងនីតិវិធីនៃការចោទប្រកាន់និងស៊ើបសួរ ជាដើម ។ល។
“ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាក៏ដូចជាអាមេរិក គឺមានការធានានូវសិទ្ធិសេរីភាពនៃការជួបជុំ តវ៉ា និងសម្តែងមតិ តែក៏បានបញ្ញត្តិដូចគ្នាផងដែរថា ការអនុវត្តសិទ្ធិសេរីភាពទាំងនោះគឺត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់។ ទាំងនៅអាមេរិកនិងកម្ពុជា សកម្មភាពដែលជាការបំពានច្បាប់ បំពានសិទ្ធិសេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យនិងធានាដោយរដ្ឋធម្មនុញ្ញនោះទេ តែវាជាអំពើល្មើសច្បាប់ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ហើយពួកគេមានសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ ក្នុងដំណើរការនីតិវិធីរបស់តុលាការ មិនមែនធ្វើការជួបជុំគ្នាតវ៉ាដាក់សម្ពាធដល់តុលាការ ដែលជាស្ថាប័នឯករាជ្យនោះទេ” លោកជិនម៉ាលីនអ្នកនាំពាក្យ នៃក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះ៕ ដោយ៖បញ្ញាស័ក្តិ