Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះពុទ្ធ​រូប​ធ្វើ​អំពី​មាសសន្លឹក​សង្កត់​ពុម្ព​ 

វត្ត​វិហារ​ហ្លួង ដែល​ស្ថិត​ក្នុង​ភូមិ​វិហារ​ហ្លួង ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម គឺជា​ទឹកដី​ពោរពេញ​ទៅដោយ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ។ គឺ​នៅ​ទីនោះ​ហើយ ដែល​ព្រះបាទ​រាមា​ជើងព្រៃ បាន​តាំង​ព្រះ​រាជធានី​មួយ​នា​សម័យ​ក្រោយ​អង្គរ មានឈ្មោះ​ថា ក្រុង​ស្រឡប់​ពិជ័យ ព្រៃនគរ ស្ថិត​ក្នុង​ប៉ែក​ខាងកើត​ទន្លេមេគង្គ ។​

កាលពី​ចុងខែ​មេសា ឆ្នាំ​២០០០ កន្លងមកនេះ ព្រះពុទ្ធ​រូប​ចំនួន ៥៦ អង្គ​, ៥២ អង្គ ធ្វើ​អំពី​មាស​សន្លឹក ២ អង្គ​ធ្វើឡើង​អំពី​ប្រាក់​សន្លឹក ត្រូវ​បាន​ឃើញ​ដោយ​ចៃដន្យ ក្នុងខណៈដែល​ព្រះចៅអធិការ​វត្ត​ជីក​កកាយ​ចាក់គ្រឹះ កសាង​ព្រះវិហារ​បុរាណ​ដែល​បាក់បែក​ឡើងវិញ ។​

តាមពិត​ទៅ​រូប​ព្រះពុទ្ធ​អង្គ​ទាំងនោះ នៅក្នុង​គ្រឹះ​សីមា​កិល​(​រណ្ដៅ​កណ្ដាល​) នៃ​វិហារ​ព្រះវិហារ​ហ្លួង ដែល​គេ​បាន​បញ្ចុះ​ក្នុង​សម័យ​បុរាណ ។ នៅ​ពេល​ប្រារព្ធ​ពិធី​ឆ្លង​ពុទ្ធរូប​ទាំងនោះ ដែល​ស្ថិត​ក្នុង​ឥរិយាបទ​ផ្សេងៗ​មាន​ទំហំ​ទទឹង​មធ្យម ៥ ស​.​ម និង​បណ្ដោយ​មធ្យម ១០ ស​.​ម ធ្វើ​អំពី​មាសសន្លឹក​សង្កត់​ពុម្ព ។ ខ្លះ​គង់​សមាធិ​ប្រក់​នាគ ខ្លះ​ទ្រង់​អភ័យ​សមុទ្រៈ ដោយ​ទ្រង់​ប្រថាប់​រា​ព្រះហស្ដ ខ្លះ​ទៀត​ទ្រង់​គង់​យក​ព្រះធរណី​ជា​សាក្សី ។​

ដោយ​គ្មាន​លទ្ធភាព​ថែរក្សា​ឲ្យបាន​គង់វង្ស ព្រះចៅអធិការ​វត្ត​ក៏​បាន​ប្រគល់​ឲ្យ​សម្ដេច ហេង សំរិន អនុប្រធាន​ទី​១ នៃ​រដ្ឋសភាជាតិ កាលពី​ពាក់កណ្ដាល​ខែ​ឧសភា ២០០០ ហើយ​លោក​ក៏​បាន​ប្រគល់​ព្រះ​បដិមា​បុរាណ​ទាំងនោះ នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០០០ ។ ដើម្បី​ទុកជា​ទ្រព្យសម្បត្តិ​ជាតិ ។​

ការរកឃើញ​កំណប់​ជា​បុរាណវត្ថុ ជា​ភស្ដុតាង​បង្ហាញ​ឲ្យ​យើង​ដឹង​ថា នូវ​ចំណាស់​របស់​ប្រពៃណី​បុណ្យបញ្ចុះសីមា ដែល​ត្រូវបាន​ធ្វើឡើង​ទាំង ៨ ទិស រួម​ទាំង​ឫស​សីមា​ព្រហ្ម​កិល នៅ​ចំ​កណ្ដាល​ដោយ​ពុទ្ធ​សានិ​ក​ជន ដែល​តែងតែ​បញ្ចុះ​នូវ​របស់​មានតម្លៃ ដែល​វា​ជា​សម្បត្តិ​ផ្ទាល់ខ្លួន ដោយឧ​ទិ្ទស​ផ្សង​ឲ្យបាន​សម្រេច​នូវ​សេចក្ដីប៉ងប្រាថ្នា ។ ហើយ​ការ​ដែល​យើង​ឃើញ​នូវ​ព្រះ​ពុទ្ធរូប​ទាំងនោះ​ធ្វើ​អំពី​មាស យើង​អាច​សន្និដ្ឋាន​ថា ព្រះពុទ្ធ​រូប​ទាំង​នោះ អាច​ជា​ទ្រព្យសម្បត្តិ របស់​ព្រះមហាក្សត្រ​អង្គ​ណាមួយ ដែល​ត្រូវ​បាន​បញ្ចុះ​ក្នុង​គ្រឹះ​សីមា​វត្ត​វិហារ​ហ្លួង នៅ​សម័យ​ក្រោយ​អង្គរ  ៕(​ម​.​ត្រា​ណេ​)​

×