ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០២០ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ បានអះអាងតាមរយៈផេកហ្វេសប៊ុកផ្លូវការថា មិនឆ្លងកូវីដ១៩ ពីព្រឹត្តិការណ៍៣ វិច្ឆិកាទេ។
លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា “សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់
លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើតេស្ត ជូនដល់ក្រុមគ្រួសារខ្ញុំ និងខ្ញុំ រួមទាំងមន្ត្រី បុគ្គលិក របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិផងដែរ។ ខ្ញុំសូមជូនពរដល់ក្រុមគ្រូពេទ្យ សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់ ទទួលបានសុខភាពល្អបរិបូណ៌ និងជៀសផុតពីគ្រោះកាចទាំងឡាយ”។
ចំណែកលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា លោកមិនឆ្លងជំងឺកូវីដ១៩ ពីព្រឹតិ្តការណ៍៣វិច្ឆិកានោះទេ ។ លោក វេង សាខុន បានសរសេរសារលើបណ្តាញសង្គមថា ” ខ្ញុំពិតជាមានក្តីរំភើបរីករាយជាពន់ពេក នៅរសៀលថ្ងៃនេះ ក្រោយពីទទួលបានដំណឹងពីក្រសួងសុខាភិបាលថា៖ លទ្ធផលនៃការធ្វើតេស្ត ទៅលើសំណាកដែលបានផ្តល់ជាលើកទីបួន នាព្រឹកមិញនេះ របស់យើងខ្ញុំករុណា ខ្ញុំ គឺទទួលបានលទ្ធផល អវិជ្ជមានមេរោគកូវីដ ១៩ ។ យើងខ្ញុំករុណ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រសួងសុខាភិបាល និងមន្ត្រីវិទ្យាស្ថានប៉ាស្ទ័រទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការយកសំណាក និងធ្វើការវិភាគយ៉ាងសុក្រិតបំផុត ទន្ទឹមនឹងនេះ យើងខ្ញុំករុណា ខ្ញុំសូម អរព្រះគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ដែលបានផ្ញើរសារសំដែងការព្រួយបារម្ភពីសុខភាពរបស់យើងខ្ញុំករុណា ខ្ញុំ”។
លោករដ្ឋមន្ត្រីវេង សាខុន បានបញ្ជាក់ថា លើសពីនេះទៀត គឺបានផ្ញើរសារជូនពរមកយើងខ្ញុំករុណា ខ្ញុំឲ្យរួចផុតពីការឆ្លងមេរោគកូវីដ ១៩ ។ ស្ថិតក្នុងឱកាសនេះ យើងខ្ញុំករុណា ខ្ញុំ សូមប្រគេននិងជូនពរ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា សូមទទួលបានពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖បញ្ញាស័ក្តិ