ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជម្រាបលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអភិបាលរាជធានី-ខេត្តទាំងអស់ ពីការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវសារមន្ទីរ និងរោងភាពយន្តនៅទូទាំងប្រទេស។ ការបើកដំណើរឡើងវិញនោះ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ជាគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតិឲ្យបើកដំណើរការឡើងវិញនូវរោងភាពយន្ត និងសារមន្ទីរនានា នៅទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ និងត្រូវគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដារ ការពារការចម្លងមេរោគកូវីដ១៩ ដែលក្រសួងសុខាភិបាល បានណែនាំឲ្យអនុវត្តកន្លងមក មុនព្រឹត្តិការណ៍ ០៣វិច្ឆិកា។
បើទោះបីអនុញ្ញាតឱ្យបើកឡើងវិញយ៉ាងណាក្តី តែលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានជម្រាបរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលរាជធានី-ខេត្ត បន្តយកចិត្តទុកដាក់ និងគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដារការពារការចម្លងមេរោគកូវីដ១៩។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យផ្អាកដំណើរការឡើងវិញនូវសកម្មភាពនៅតាមសារមន្ទីរ និងរោងភាពយន្ត ក្រោយកើតមានព្រឹត្តិការណ៍ «៣វិច្ឆិកា»។ ព្រឹត្តិការណ៍នេះ ត្រូវបានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការនេះ ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសារពិសេសណែនាំទៅអាជ្ញាធរពាក់ព័ន្ធ រួមទាំងអភិបាលរាជធានី-ខេត្ត ដោយអនុញ្ញាតឱ្យបើកឡើងវិញសារមន្ទីរ និងរោងភាពយន្ត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍, បើកសាលារៀន, បើកពហុកីឡដ្ឋានជាតិអូរឡាំពិក, បើកសារមន្ទីរ និងរោងភាពយន្តឡើងវិញហើយ តែត្រូវប្រកាន់ខ្ជាប់តាមវិធានណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លង និងរីករាលដាលជំងឺកូវីដ១៩។
ការអនុញ្ញាតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេសមួយនៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីព្រឹត្តិការណ៍ «៣វិច្ឆិកា» ត្រូវបានបិទបញ្ចប់។
ការរៀបចំអាពាហ៍ពិពាហ៍, សាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល, ពហុកីឡដ្ឋានជាតិអូឡាំពិក សកម្មភាពកីឡា, សារមន្ទីរ និងរោងភាពយន្ត ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្អាក និងរឹតត្បិតសកម្មភាព បន្ទាប់ពីកើតមានព្រឹត្តិការណ៍ «៣វិច្ឆិកា»។
តែមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នា២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍ «៣វិច្ឆិកា» បានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលប្រមាណ ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ។
ក្នុងសារណែនាំពិសេសទៅកាន់អាជ្ញាធរពាក់ព័ន្ធ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសូមស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ខេត្ត រាជធានី ស្រុក ឃុំ សង្កាត់ ដែលមានការរៀបអាពាហ៍ពិពាហ៍ គឺអនុញ្ញាតឱ្យបងប្អូនរៀបការទៅ។ ជាទម្លាប់ប្រពៃណីខ្មែររបស់យើងចាប់ពីខែនេះ រហូតដល់ចូលវស្សា ជាពិសេសរដូវរំហើយនេះ មានរៀបអាពាហ៍ពិពាហ៍។ ដូច្នេះសូមសម្រួលឱ្យមានការរៀបអាពាហ៍ពិពាហ៍ គ្រាន់តែឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទងនឹងការអនាម័យ ទាក់ទងនឹងអ្វីជាតម្រូវការការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ»។
សម្តេចតេជោ បានបន្ថែមថា «ប្រយ័ត្ននៅតែប្រយ័ត្ន ក៏ប៉ុន្តែយើងមិនត្រូវបិទដង្ហើមសេដ្ឋកិច្ច និងចលនាសេដ្ឋកិច្ចសង្គមផ្សេងទៀតដែរទេ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹង ពិនិត្យមើលគ្រាន់តែជួយសម្រួល ដើម្បីរំលឹកឱ្យបងប្អូនជានិច្ចកាលឱ្យមានការប្រុងប្រយ័ត្ន ដូចជាការវាស់កម្តៅ ការលាងដៃ គម្លាតសុវត្ថិភាពជាដើម។ នេះជាតម្រូវការរបស់ប្រជាជនយើង ដែលត្រូវការរៀបការ»៕
ដោយ៖បញ្ញាស័ក្តិ