Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម ប្រកាស​បដិសេធ​ទាំងស្រុង ចំពោះ​ការចោទប្រកាន់​គ្មាន​ហេតុផល​របស់​ឈ្មោះ ខៀវ ដា​រ៉ា និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត របស់​វិទ្យុ​អាស៊ីសេរី​

ភ្នំពេញ ៖ ក្រសួងកសិកម្ម បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង និង​ប្រកាស​បដិសេធ​ទាំងស្រុងចំពោះ​ការចោទប្រកាន់​គ្មាន​ហេតុផល​របស់​ឈ្មោះ ខៀវ ដា​រ៉ា និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត របស់​វិទ្យុ​អាស៊ីសេរី ដែលមាន​លក្ខណៈ​ញុះញង់ ដោយ​គ្មាន​ការវិភាគ​ប្រកបដោយ​វិជ្ជាជីវៈ​ទាល់តែសោះ ដែល​បង្ក​ឧបសគ្គ​ដល់​ការរីកចម្រើន នៃ​វិស័យ​កសិកម្ម​កម្ពុជា​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​មិន​ពិត ដែល​ផ្សាយ​ដោយ វិទ្យុ​អាស៊ីសេរី ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា ការផលិត​ស្រូវ និង​ការនាំចេញ​អង្ករ​ពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​អូស្ត្រាលី មានការ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​។​

ក្រសួងកសិកម្ម បានបញ្ជាក់​ជូន​ថា រដ្ឋាភិបាល​អូស្ត្រាលី និង​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​អនុវត្ត កិច្ចសហប្រតិបត្តិការ​ទ្វេភាគី យ៉ាង​ល្អប្រសើរ ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ដើម្បី​លើកស្ទួយ​ការអភិវឌ្ឍ​វិស័យ កសិកម្ម​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៨៧ រៀងរហូត​មកទល់ពេលនេះ ដោយបាន​ផ្តល់ជំនួយ​ហិរញ្ញប្បទាន ឥត​សំណង យ៉ាងច្រើន​ដល់​កម្ពុជា ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​បច្ចេកទេស​វិជ្ជាជីវៈ​លើកកម្ពស់​ការស្រាវជ្រាវ និង​ផ្សព្វផ្សាយ​កសិកម្ម​ផងដែរ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម ប្រមាញ់ និង​នេសាទ​ស្តីពី​ការផលិត​ស្រូវ និង​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​អូស្ត្រាលី​។ យោងតាម​ការចេញផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី (RFA Khmer) កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ពាក់ព័ន្ធ នឹង​ការចោទប្រកាន់ថា ការផលិត​ស្រូវ និង​ការនាំចេញ​អង្ករ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​អូស្ត្រាលី មានការ​សង្ស័យ ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។ ការផ្សាយ​នេះ ជា​ព័ត៌មាន​មិន​ពិត​។ ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​អនុវត្ត កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​យ៉ាង​ល្អប្រសើរ ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ដើម្បី​លើកស្ទួយ​ការអភិវឌ្ឍ​វិស័យ កសិកម្ម​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៨៧ រៀងរហូត​មកទល់ពេលនេះ ដោយបាន​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង យ៉ាងច្រើន​ដល់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​បច្ចេកទេស​វិជ្ជាជីវៈ លើកកម្ពស់​ការស្រាវជ្រាវ និង​ផ្សព្វផ្សាយរ​កសិកម្ម រួមមាន ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ពិសោធន៍​ស្រាវជ្រាវ​កសិកម្ម ការកសាង​ធនធានមនុស្ស​ក្នុង​ជំនាញ​កសិកម្ម​ជូន ប្រជាជន​កម្ពុជា​តាមរ​យៈ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​មាន​ជាអាទិ៍ AusAID, ACIAR គម្រោង​កម្ពុជា​-​អ៊ី​រី​-​អូស្ត្រាលី (CIAP) ដែល​គម្រោង​នេះ​បាន​ជួយ​ប្រទេស​កម្ពុជា​បង្កើត​ពូជស្រូវ​ដែលមាន​ទិន្នផល​ខ្ពស់​និង​គុណ​ភាពល្អ​សម្រាប់​បង្កើន ផលិតកម្ម​ក្នុងស្រុក និង​ការ នាំចេញ​រហូត​ជួយ​ប្រទេស​កម្ពុជា​ឱ្យមាន​កេរ្តិ៍ឈ្មោះ​ល្បី​លើ​ឆាក​អន្តរជាតិ ដោយ​ទទួលបាន ចំណាត់ថ្នាក់​លេខ​១ ជា​អង្ករ​ល្អ​ជាងគេ​លើ​ពិភពលោក នៅ​ឆ្នាំ​២០១២, ២០១០, ២០១៤ និង​ឆ្នាំ​២០១៨​ទៀតផង​។ ជាមួយគ្នានេះដែរ តាមរយៈ ACIAR រដ្ឋាភិបាល​អូស្ត្រាលី​បាន​ជួយ​លើកកម្ពស់​លើ​ពិសោធន៍ ស្រាវជ្រាវ និង​អភិវឌ្ឍន៍ បច្ចេកវិទ្យា​លើ​ប្រធានបទ​ក​សិ​-​ធុរកិច្ច ផលិតកម្ម​ដំណាំ ជលផល ការចិញ្ចឹម​សត្វ ការគ្រប់គ្រង​ធនធាន​ជី​កសិកម្ម សេដ្ឋកិច្ចសង្គម​និង​កសិកម្ម ព្រៃឈើ និង​ប្រព័ន្ធ​សុខភាព​និង​សេដ្ឋកិច្ច​។ លើសពីនេះ​ទៀត កម្មវិធី​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម កម្ពុជា​-​អូស្ត្រាលី (CAVAC) បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដូចជា ការជំរុញ​ក​សិ​-​ធុរកិច្ច ការកសាង​ប្រព័ន្ធធារាសាស្ត្រ ការបង្កើន​ផលិតភាព​និង​គុណភាព​ផលិតកម្ម​ដំណាំ​ដែលមាន​តម្លៃ​ខ្ពស់​សម្រាប់​ការប្រកួត ប្រជែង​ទីផ្សារ​ក្នុងស្រុក​និង​អន្តរជាតិ និង​បង្កើន​ប្រាក់ចំណូល​របស់​កសិក​រ​ខ្នាតតូច​និង​ពាណិជ្ជករ​ផ្នែក​ស្រូវ​អង្ករ និង ដំណាំ​ផ្សេងៗ​។ មិនតែប៉ុណ្ណោះ តាមរយៈ​កម្មវិធី​មួយ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី គឺ​បាន​គាំទ្រ​ដល់​ការធ្វើ កសិកម្ម​តាម​កិច្ចសន្យា​រវាង​សហគមន៍​កសិកម្ម​ជាមួយ​ក្រុមហ៊ុន Amru Rice ជំរុញ​ការអនុវត្ត​បច្ចេកទេស​ដាំ​ដុះ​ស្រូវ តាមបែប​ទំនើប និង​ជំរុញ​ការប្រើប្រាស់​គ្រាប់ពូជ​ស្រូវ​ដែលមាន​គុណភាព​ល្អ​។ យន្តការ​នេះ​បាន​ជួយ​បង្កើន​ទំនុកចិត្ត រវាង​វិស័យ​ឯកជន​និង​កសិករ​ដោយមាន​រាជរដ្ឋាភិបាល​ជា​អ្នកគាំទ្រ​ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ដីធ្លី គ្មាន​ការ​រឹបអូស​និង ការកេងប្រវ័ញ្ច​ផលប្រយោជន៍​កសិករ ពោល រួម គឺ​រក្សា​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​អ្នក​ផលិត​និង​អ្នកទិញ​។ កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​អូស្ត្រាលី ពិតជា​បានរួម​ចំណែក​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ក្នុងការ​បង្កើន​ផលិតភាព​ពិពិធ​ភាវូបនីយកម្ម និង​ពា​ណិ​ជួប​នីយកម្ម​កសិកម្ម ប្រកបដោយ​ប្រសិទ្ធ​ផល តាម​អភិក្រម រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​”​។​

​វិស័យ​កសិកម្ម​កម្ពុជា​បាននិងកំពុង​រីកចម្រើន​ឥតឈប់ឈរ និង​កំពុង​ដើរតួនាទី​ដ៏​សំខាន់ ទោះបីជា​ស្ថិតក្នុង ស្ថានភាព​នៃ​ការ​ប្រឈម​ជាច្រើន​រួមមាន​ទាំង​ការប្រែប្រួល​អាកាសធាតុ សម្ពាធ​សេដ្ឋកិច្ច​នយោបាយ និង​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​។ បច្ចុប្បន្ននេះ ប្រជាកសិករ​យើង​កំពុង​កែប្រែ​មុខមាត់​ពី​ការអនុវត្ត​កសិកម្ម​តាមបែប​យថាផល ទៅជា​លក្ខណៈ​ប្រពលវប្បកម្ម និង​កែប្រែ​ជីវភាព​រស់នៅ​របស់ខ្លួន​ទៅជា​ក​សិ​ពាណិជ្ជករ​វិញ ហើយ​កម្ពុជា​កំពុងតែ​វិ​វ​ឌ្ឍ ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ក​សិ​-​ឧស្សាហកម្ម​វិញ ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។ រីឯ ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​បាន​កើនឡើង​ពី ៤,១៦​លាន​តោន នៅ​ឆ្នាំ​២០១៥ ដល់ ៤,៨៨​លាន​តោន នៅ ឆ្នាំ​២០១៩ ស្មើនឹង ១៧,៣%​។ បរិមាណ​អង្ករ​នាំចេញ​ផ្លូវការ​បាន​កើន​ពី ៥៣៨ ០០០​តោន ដល់​ជាង ៦២០ ០០០​តោន ក្នុង​ឆ្នាំ​២០១៩ គិត​ជា​មធ្យម​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ គឺមាន​កំណើន​ប្រមាណ ១៥,២៤%​។ ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០២០ បរិមាណ​អង្ករ នាំ​ចេញទៅ​ប្រទេស​អូស្ត្រាលី​មាន​ចំនួន ២៥ ៩៩៤​តោន មានការ​កើនឡើង​ចំនួន ៨ ៩៧១​តោន (+៥២,៧០%) ធៀប​នឹង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៩​។ ប្រជាកសិករ​ផលិត​ស្រូវ​កម្ពុជា​រាប់លាន​នាក់​មាន​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​ការទទួលបាន​ទីផ្សារ​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​អូស្ត្រាលី ដែល​ជួយ​បង្កើន​ប្រាក់ចំណូល ពី​ផលិតកម្ម​ស្រូវ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​បច្ចុប្បន្ននេះ ស្ថានភាព​នៃ​ការរីកចម្រើន​របស់​វិស័យ​កសិកម្ម​កម្ពុជា​ទាំង​ផ្នែក​ផលិតកម្ម និង​ការនាំចេញ ពិតជា​បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ ដោយបាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម ការបញ្ចប់​បញ្ហា​ទំនាស់​ដីធ្លី​កសិកម្ម ការបង្កើត​សហគមន៍​កសិកម្ម និង​ប​កសិករ​ផលិត ការផ្សារភ្ជាប់​ផលិតផល​និង​ទីផ្សារ ការលើកកម្ពស់​ភាព​ប្រកួត ប្រជែង​លើ​គុណភាព និង​សុវត្ថិភាព​ផលិតផល និង​ការបើក​របាំង​បច្ចេកទេសរ​នា​ម័​យ​និង​ភូតគាម​អនាម័យ សម្រាប់​ជំរុញ ការនាំចេញ​កសិផល​ក​ម្ពុ​ជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ប្រកបដោយ​និរន្តរភាព​។ ភាពជឿនលឿន​នៃ​វិស័យ​កសិកម្ម​កម្ពុជា ដូច​ជម្រាបជូន​ខាងលើនេះ គឺ​សម្រេចបាន​ដោយសារតែ​ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច បើកចំហរ​ដោយ​មិន​ប្រកាន់​និន្នាការ និង​ជាពិសេស​កសិករ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ភាពជា​ម្ចាស់​ដី​ដើម្បី​បង្កបង្កើនផល ដោយ​ស្របច្បាប់​។ ប្រជាកសិករ​កម្ពុជា​រាប់លាន​នាក់​នឹងមិន​អនុញ្ញាតឱ្យ​ជន​អគតិ​ណា​បង្កហេតុ​ធ្វើឱ្យប៉ះពាល់​ផលប្រយោជន៍ សេដ្ឋកិច្ចជាតិ ជាពិសេស​ការប៉ុនប៉ង​ធ្វើឱ្យ​បាត់បង់​ប្រាក់ចំណូល​គ្រួសារ និង​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ឡើយ​។ ដូច្នេះ តើ​ការផលិត​ស្រូវ និង​ការនាំចេញ​អង្ករ​នៅ​កម្ពុជា​មានការ​គាបសង្កត់​សិទ្ធិមនុស្ស​ដូច​បុគ្គល ខៀវ ដា​រ៉ា បាន​ចោទប្រកាន់ នោះ​មែន​ឬទេ​?

​ករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្តែង​នូវ​ការសោកស្តាយ យ៉ាងខ្លាំង និង​ប្រកាស​បដិសេធ​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​គ្មាន​ហេតុផល​របស់​ឈ្មោះ ខៀវ ដា​រ៉ា និង​ការផ្សព្វផ្សាយ ព័ត៌មាន​មិន​ពិត​របស់​វិទ្យុ​អាស៊ីសេរី ដែលមាន​លក្ខណៈ​ញុះញង់ ដោយ​គ្មាន​ការវិភាគ​ប្រកបដោយ​វិជ្ជាជីវៈ​ទាល់តែសោះ ដែល​បង្ក​ជា​ឧបសគ្គ​ដល់​ការរីកចម្រើន​នៃ​វិស័យ​កសិកម្ម​កម្ពុជា ដែល​ការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​យ៉ាងច្បាស់​ពី ចេតនា​ប្រឆាំងនឹង​ផលប្រយោជន៍​ជាតិ​កម្ពុជា ដោយ​ខ្វះ​ការយល់ដឹង​អំពី​ការពិត​នៅ​កម្ពុជា​ទាក់ទិន​នឹង​លក្ខខណ្ឌ​ប្រជាសាស្ត្រ សង្គម វប្បធម៌ និង​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ផលិត​ស្រូវ ជាពិសេស​លើ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ នឹង ចំណង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​នៃ​ប្រទេស​អូស្ត្រាលី និង​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​ផូរផង់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×