ភ្នំពេញៈ លោក អេង គន្ឋា អគ្គនាយករងអគ្គិសនីកម្ពុជា លោក ប្រាជ្ញ វុត្ថា ជាប្រធានអគ្គិសនីមណ្ឌលគីរី និងលោក ថេង សេដ្ឋា អនុប្រធានអគ្គិសនីមណ្ឌលគីរី ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បានរំលោភយកដីរបស់ពួកគាត់ស្ថិតនៅក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
ប្រជាពលរដ្ឋក៏បានសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ផងដែរ ប៉ុន្តែបុគ្គលដែលរងការចោទប្រកាន់ទាំងបីនាក់ខាងលើបានបដិសេធថា ដីនោះជាដីរបស់រដ្ឋ ពួកខ្លួនមិនមានការពាក់ព័ន្ធនោះទេ។
ប្រជាពលរដ្ឋឈ្មោះ ថៃ ឃីន ដែលបានអះអាងថា ខ្លួនជាម្ចាស់ដីបានធ្វើលិខិតជម្រាបជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា ខ្លួនមានវិវាទដីធ្លីជាមួយលោក ប្រាជ្ញ វុត្ថា ជាប្រធានអគ្គិសនីមណ្ឌលគីរី លោក ថេង សេដ្ឋា អនុប្រធានអគ្គិសនីមណ្ឌលគីរី និងលោក អេង គន្ឋា អគ្គនាយករង អគ្គិសនីកម្ពុជា។ ឈ្មោះ ថៃ ឃីន បានបន្តថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ អភិបាលខេត្តមណ្ឌលគីរី លោក ស្វាយ សំអ៊ាង បានដោះស្រាយប្រគល់ដីទំនាស់ទំហំ២០៣៥ម៉ែត្រការ៉េ ដែលគ្មាននៅក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យរដ្ឋរបស់អគ្គិសនីមណ្ឌលគីរី និងអគ្គិសនីកម្ពុជានោះ មកឲ្យខ្លួនគ្រប់គ្រងវិញហើយ ប៉ុន្តែបែរជាបុគ្គលទាំងបីនាក់ខាងលើមិនព្រមប្រគល់ឲ្យវិញទេ ។
ឈ្មោះ ថៃ ឃីន បានបន្ថែមថា លោកអភិបាលខេត្តមណ្ឌលគិរីបានបញ្ជាក់ទៅ ខាងអគ្គិសនីកម្ពុជា និងអគ្គិសនីមណ្ឌលគីរី ដោយអនុញ្ញាតឲ្យកាន់កាប់ និងគ្រប់គ្រងដីទំហំតែ ២៨០២ម៉ែត្រការ៉េតាមប្រកាសសម្រេចផ្ទេរបស់ក្រសួងរ៉ែ និងថាមពលប្រគល់ឲ្យក្នុងឆ្នាំ២០១០ នៅក្នុងបញ្ជីសារពើភ័ណ្ឌរបស់អគ្គិសនីមណ្ឌលគិរី បានហើយ ដោយលោកអភិបាលខេត្តលើកឡើងថា ដីទំហំ២០៣៥ម៉ែត្រការ៉េ ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋឈ្មោះ ថៃ ឃីន និងឈ្មោះអ៊ឹង ចន្ធូ បានកាន់កាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្នដែលអាជ្ញាមូលដ្ឋានបានចុះហត្ថលេខាទទួលស្គាល់រួចហើយ។
ចំណែកលោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា បានថ្លែងប្រាប់អ្នកកាសែតថា ដីនេះជាដីរេបស់រដ្ឋអត់ពាក់ព័ន្ធជាមួយឈ្មោះ ថៃ ឃីន និង ឈ្មោះអ៊ឹង ចន្ធូ ទេ។ លោក អេង គន្ធា បានលើកឡើងថា “ដីនោះមិនមែនជាដីឯកជនទេយើងមានឯកសារទាំងអស់ បើសិនជាមិនមែនដីរដ្ឋយើងយកធ្វើអី អត់មានបុគ្គលណាយកទេ គាត់ចង់ប្តឹងទៅណាប្តឹងទៅជាសិទ្ធិរបស់គាត់”។
រីឯលោក ថេង សេដ្ឋា អនុប្រធានអគ្គសនីមណ្ឌលគិរី បានបដិសេធថា លោកមិនបានយកដីរបស់លោក ថៃ ឃីន ទេ ហើយលោកក៏មិនពាក់ព័ន្ធរឿងហ្នឹងដែរ សំណុំរឿងនេះគឺអ្នកនៅភ្នំពេញ (អគ្គនាយករងអគ្គិសនីកម្ពុជា) ជាអ្នកជាប់ពាក់ព័ន្ធ ។
ទាក់ទងករណីនេះ អភិបាលខេត្តមណ្ឌលគីរី លោកស្វាយ សំអ៊ាង បានធ្វើលិខិតទៅប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ដោយបានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តបានទទួលពាក្យបណ្តឹងតវ៉ាករណីទំនាស់ដីធ្លីរវាងអង្គភាពអគ្គិសនីខេត្តមណ្ឌលគីរី ជាមួយប្រជាពលរដ្ឋឈ្មោះ ថៃ ឃីន និងឈ្មោះ អ៊ឹង ចន្ធូ លើទំហំ ២០៣៥ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ក្រោយពីរដ្ឋបាលក៏ដូចជាគណៈកម្មការសុរិយោដីខេត្តបានធ្វើការស្រាវជ្រាវឯកសារពាក់ព័ន្ធ រួមទាំងសាវតានៃការគ្រប់គ្រងកាន់កាប់ដីធ្លីនេះ ឃើញថា លោកថៃ ឃីន និងអ្នកស្រី អ៊ឹង ចន្ធូ បានកាន់កាប់ដីទំហំ២០៣៥ម៉ែត្រការ៉េ ជាយូរឆ្នាំមកហើយដោយមានលិខិតទទួលស្គាល់ការកាន់កាប់ពីអាជ្ញាធរមូលដ្ឋាន ហើយប្រជាពលរដ្ឋក៏បានប្រើប្រាស់ដីនេះក្នុងជីវភាពរស់នៅជាបន្តបន្ទាប់រហូតមក។ រីឯអង្គភាពអគ្គិសនីខេត្ត អាជ្ញាធរខេត្តបានស្រាវជ្រាវ និងត្រួតពិនិត្យលើឯកសារពាក់ព័ន្ធឃើញថា ក្រសួងរ៉ែ និងថាមពល បានផ្ទេរប្រគល់ដីទំហំតែ ២៨០២ម៉ែត្រការ៉េ ប៉ុណ្ណោះ ជូនអង្គភាពអគ្គិសនីគ្រប់គ្រង និងប្រើប្រាស់ ពុំមានឯកសារណាមួយពាក់ព័ន្ធក្នុងការគ្រប់គ្រងលើដីទំហំ២០៣៥ម៉ែត្រការ៉េរបស់លោក ថៃ ឃីន និងអ្នកស្រី អ៊ឹងចន្ធូ នោះឡើយ។
អភិបាលខេត្តមណ្ឌលគីរីបានបញ្ជាក់ថា អាជ្ញាធរខេត្តយល់ឃើញថា ការទាមទាររបស់អង្គភាពអគ្គិសនីខេត្តហាក់ដូចជាមានលក្ខណៈមិនសមស្របទៅនឹងស្ថានភាព នៃការគ្រប់គ្រងជាក់ ស្តែងដែលអាចបង្កទំនាស់ស្មុគស្មាញធ្វើឲ្យអាជ្ញាធរមានការលំបាកក្នុងការដោះស្រាយ។ ដូចនេះ ដើម្បីបញ្ចប់ទំនាស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភភិបាល ក្នុងការដោះស្រាយទំនាស់ជៀសវាងទុកនៅរ៉ាំរ៉ៃអូសបន្លាយយូរអង្វែង អាជ្ញាធរខេត្តសូមសំណូមពរឯក ឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុលអគ្គនាយកអគ្គិសនីកម្ពុជា សុំផ្តល់ដីទំហំ ២០៣៥ម៉ែត្រការ៉េ ជូនលោក ថៃ ឃីន និង អ្នកស្រី អ៊ឹង ចន្ធូ កាន់កាប់ប្រើប្រាស់ និងអាស្រ័យផលស្របតាមការទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន និងស្នើសុំអង្គភាពអគ្គិសនីខេត្តគ្រប់គ្រងដីទំហំតែ២៨០២ម៉ែត្រការ៉េ ដែលក្រសួងរ៉ែ និងថាមពល ប្រគល់ជូន និងបានចុះបញ្ជីសារពើ ភ័ណ្ដរបស់អង្គភាពអគ្គិសនីខេត្តដើម្បីបញ្ចប់ទំនាស់ ៕ ដោយៈ CEN