ភ្នំពេញ៖ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលកូរ៉េខាងត្បូង បានឯកភាពជួយសាងសង់ស្ពានមួយនៅក្នុងរាជធានីភ្នំពេញ គឺសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។
តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ថ្លែងប្រាប់កាសែតក្នុងស្រុកនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន គេបានឯកភាពជួយសាងសង់ស្ពានមួយនៅក្នុងរាជធានីភ្នំពេញរបស់យើងហើយ។ តែក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរកំពុងសិក្សា និងរើសទីតាំង។ មិនទាន់អាចបញ្ជាក់ពីទីតាំង និងទំហំទឹកប្រាក់ដែលត្រូវសាងសង់នៅឡើយនោះទេ។ លោកគ្រាន់តែបញ្ជាក់ថា ជាស្ពានឆ្លងកាត់ទន្លេ និងមានទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ស្ពានឆ្លងកាត់ទន្លេតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅឃុំស្វាយជ្រុំ ជាសមិទ្ធផលមួយដែលពលរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលរំពឹងចង់ឃើញជាយូរណាស់មកហើយ។ បើសិនជាស្ពាននេះលេចចេញជារូបរាង នឹងក្លាយជាសម្បត្តិដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ពួកគេ៕
ដោយ៖បញ្ញាស័ក្តិ