ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភានិងអធិការកិច្ច ចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកមជាខេត្ត ជូនដល់ជនងាយរងគ្រោះ ចាស់ជរា ៤៣ គ្រួសារ ជនពិការ ៥ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៥៨ គ្រួសារ សរុប ១០៦ គ្រួសារ មកពី ១០ ឃុំក្នុងស្រុករំដួល ស្ថិតសាលាស្រុករំដួល ខេត្តស្វាយរៀងនាព្រឹកថ្ងៃ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង សេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោកស្រីបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសាទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរំលឹកដល់ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ ឲ្យសោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង៕ ដោយ៖វ៉ៃកូ