Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ក្នុង​រមណីយដ្ឋាន​អង្គរ រៀបរាប់​ពី​នីតិវិធី​ស្នើសុំ​ការសាងសង់​ផ្ទះ​ថ្មី ជំនួស​ផ្ទះ​ចាស់​

spot_img

​សៀមរាប​៖ ការសាងសង់​លំនៅដ្ឋាន​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវតែ​ប្រព្រឹត្តិ​ទៅតាម​លក្ខខណ្ឌ​ដែល​បាន​កំណត់ដោយ​ច្បាប់​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​រក្សាបាន​នូវ​ទេសភាព​វប្បធម៌ អត្តសញ្ញាណ​ខ្មែរ បុរាណ​ដ្ឋា​ន​ត្រូវការពារ និង​ចៀសវាង​ការបំផ្លាញ​ផ្សេងៗ​នៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​។​នេះ​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បានចេញ​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃទី​២៣​វិច្ឆិកា​នេះ​។​

​តើ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​ត្រូវមាន​ឯកសារ​អ្វីខ្លះ​ដើម្បី​ស្នើសុំ​សាង​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​? តាម​ការរៀប​រាប់រប​ស់លោ​កតា កែវ ផៃ ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​ទើប​សង់ផ្ទះ​រួច​មានប្រសាសន៍ថា​៖ ខ្ញុំ​ស្នើសុំ​ច្បាប់​សាងសង់​ផ្ទះ​មិនមាន​ការលំបាក​ទេ ត្រឹម​១​ខែ​គេ​ចេញ​ច្បាប់​ឱ្យធ្វើ ព្រោះ​ខ្ញុំ​មាន​ឯកសារ​គ្រប់គ្រាន់​និង​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានកំណត់​ដូចជា ខ្ញុំ​ជា​អ្នកស្រុក​ចាស់​រស់នៅ​តាំងពី​ឆ្នាំ​១៩៨០​ជាង មាន​ខ្នង​ផ្ទះ​ចាស់ មាន​ឯកសារ​កាន់កាប់​ដីធ្លី​ស្របច្បាប់ មាន​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​។ មុន​និង​ក្រោយ​អនុញ្ញាត​ច្បាប់​សាងសង់ អាជ្ញាធរ​ជាតិ​អប្សរា​តែង​ចុះមក​ពិនិត្យ ថតរូប ក៏ដូចជា​ប្រឹក្សា​យោបល់​ផ្សេងៗ​។ ពេល​បាន​សាងសង់​ហើយ សូម​ប្រជាពលរដ្ឋ​កុំ​ធ្វើ​ហួស​ពី​ការស្នើសុំ ឬក៏​លួច​ធ្វើ​ដោយ​គ្មាន​ការអនុញ្ញាត​។

​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​អូរទទឹង​ដែរ លោក សួង ដា​នី បាន​លើកឡើងថា ខ្ញុំ​បាន​សុំច្បាប់​សាងសង់​តាមរយៈ​មេភូមិ ហើយ​មិនមាន​ជួប​ការលំបាក​អី​ទេ ព្រោះ​ខ្ញុំ​ភ្ជាប់​ជាមួយ​ឯកសារ​ដែល​គេ​ត្រូវការ​ត្រឹមត្រូវ​។ មិនតែប៉ុណ្ណោះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួយ​សម្របសម្រួល គូស ប្លង់​បច្ចេកទេស និង​រចនាបទ​ផ្ទះ​បែប​ខ្មែរ​ឱ្យ​ខ្ញុំ​ទៀតផង​។ ចំពោះ​ការដាក់​ពាក្យស្នើសុំ​វិញ ក៏​ពុំមាន​ការបង់ប្រាក់​ដែរ ហើយ​ខ្ញុំ​ក៏​គោរព​ទៅតាម​ការស្នើសុំ​ទាំង​ម៉ូត​ផ្ទះ ទំហំ របង មិនឱ្យ​ស​ពី​ច្បាប់​សុំ​។ លោក ដា​នី ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ឧទ្យាន​អង្គរ​ទាំងអស់ មុន​ធ្វើ​ផ្ទះ ធ្វើ​សំណង់​អ្វីមួយ​ត្រូវគោរព​តាមច្បាប់ ត្រូវមាន​ឯកសារ​គ្រប់គ្រាន់ និង​ស្របតាម​លក្ខខណ្ឌ​កំណត់​នោះ​មិនមាន​ផល​លំបាក​ក្នុងការ​ស្នើសុំ​សាងសង់​ទេ ហើយ​ចៀសវាង​ការ​លួច​ធ្វើតាម​ចិត្ត​ឯង ដែលនាំឱ្យ​ប៉ះពាល់​ដល់​តម្លៃ​រមណីយ​ដ្ឋា​ន​អង្គរ​និង​ផលប្រយោជន៍​ខ្លួន​។

​លោក ខៀវ វិចិត្រ មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​រៀបចំ​ដែនដី​និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​តំបន់​អង្គរ​បាន បញ្ជាក់ថា បើ​ប្រជាពលរដ្ឋ​មានបំណង​ចង់​ដាក់ពាក្យ​ស្នើសុំ​សាងសង់​លំនៅដ្ឋាន ជួសជុល​តូចតាច និង​សំណើ​ផ្សេងៗ​អាចមក​ដាក់ពាក្យ​នៅ​ច្រកចេញចូល​ទាំង​៦​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដែលមាន​មន្ត្រី បុគ្គលិក ប្រចាំការ​នៅ​ទីនោះ​ចាំ​ប្រឹក្សា​យោបល់​អំពី​ឯកសារ​ដែល​ត្រូវ​ភ្ជាប់​មកជា​មួយ​ដូចជា លិខិត​កាន់កាប់​ដីធ្លី​ស្របច្បាប់ សៀវភៅ​គ្រួសារ សំបុត្រកំណើត ប្លង់ដី និង​អត្តសញ្ញាណ​បណ្ណ​។ ពេល​បាន​លិខិតអនុញ្ញាត ក្រុមការងារ​នឹង​ចុះមក​ពិនិត្យ​ទីតាំង​ផ្ទាល់ រួមទាំង​តាមដាន​សកម្មភាព​សាងសង់​ថា​ត្រឹមត្រូវ​ឬ​ខុសពី​លក្ខខណ្ឌ​ដែល​បាន​ស្នើសុំ​។ ករណី​ប្រជាពលរដ្ឋ​ដែល​គោរព​តាម​គោលការណ៍​ក្នុងការ​ស្នើសុំ អាជ្ញាធរ​ជាតិ​អប្សរា​នឹងមាន​លិខិត​សរសើរ​ដល់​ពួកគាត់​បាន​ចូលរួម​លើកស្ទួយ​តម្លៃ​តំបន់​អង្គរ ហើយ​រាល់​ការដាក់​ពាក្យស្នើសុំ គឺ​ពុំមាន​បង់​ថវិកា​ឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×